CamNews

ព័ត៌មានជាតិ 

បើក​រថយន្ត​បុក​រនាំងដែក​ចែក​​ទ្រូង​ផ្លូវ​បា​ក់​អស់​៧ផ្ទាំង រួច​អះ​អាង​ថា មាន​ខ្មោចលង

(ភ្នំពេញ)៖ តើគួរឲ្យជឿទេដែលបុុរសម្នាក់​គេស្គាល់ថា ជាក្មួយប្រុសបង្កើត​របស់មន្ត្រីជាន់ខ្ពស់​មួយរូប ​នៅក្រសួងមហាផ្ទៃ​បានអះអាងថា ដោយសារតែខ្មោចលងគាត់​ ទើបធ្វើឲ្យគាត់បើករថយន្តទៅបុក​រនាំង​បែង​ចែក​ទ្រូងផ្លុូវបណ្តាល​ឲ្យបាក់អស់ចំនួន៧ផ្ទាំង​ ។

គ្រោះថ្នាក់ចរាចរណ៍​ដែលកើតឡើងមកពីរឿងអបិយជំនឿនេះ បានកើតឡើងនៅម៉ោង៤៖៤០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ​២០១៥ នៅត្រង់មុខក្រុមហ៊ុន Mobitel ស្ថិតក្នុង​សង្កាត់បឹងកេងកង​ទី១ ខណ្ឌចំការ​មន​ ។

បុរសដែលជាម្ចាស់រថយន្តបង្កបានប្រាប់ថា មុនកើតហេតុគាត់បានបើករថយន្តមួយគ្រឿងម៉ាក Camry បាឡែនពណ៌ទឹកប្រាក់ ស្លាកលេខភ្នុំពេញ 2AD-2809 តែម្នាក់ឯង ចេញពី​មាត់ទន្លេដោយ​បើកតាមផ្លូវ​ព្រះសីហនុ ហើយពេលបើកមកដល់មុខក្រុមហ៊ុន Mobitel​ គាត់បានឃើញបុរសម្នាក់ជិះម៉ូតូ​ធំមួយគ្រឿង​នៅពីមុខរថយន្តគាត់ ពេលនោះធ្វើឲ្យគាត់ខំបើក​រថយន្តគេចពីបុរសដែលជិះម៉ូ​តូធំនោះ ព្រោះខ្លាចបុក​ស្រាប់តែទៅបុករនាំងដែក ដាក់ចែកទ្រូងផ្លូវបណ្តាលឲ្យ​បាក់អស់៧ផ្ទាំង និងរថយន្តរងការខូចខាតផ្នែក​ខាងមុខធ្ងន់ធ្ងរ តែបុរសជាម្ចាស់​រថយន្តពុំមាន​រងរបួសនោះទេ​ ។

ភ្លាមៗបុរសនោះ បានចុះពីលើរថយន្តដើរជុំវិញរថយន្តទៅវិញទៅមក ជាច្រើនជុំធ្វើឲ្យសន្តិសុខ​ដែល​យាម​នៅជិតនោះ​ឆ្ងល់ក៏​បានដើរ​មកសួរបុរស​នោះថា «បងរកអីបាន​ដើរនៅជុំវិញរថយន្ត» ស្រាប់​តែបុរសដែលជាម្ចាស់​រថយន្តបានប្រាប់​ទៅសន្តិសុខវិញថា «បងមានឃើញបុរសម្នាក់​បើកម៉ូតូធំ​ដែលខ្ញុំបុកអំបាញ់មិញ​ទៅណាហើយ»​ តែសន្តិសុខ ដែលឃើញហេតុការណ៍​នេះបានប្រាប់ទៅបុរសជាម្ចាស់​រថយន្ត​ថា​ «បងពុំបានបុកមនុស្សទេ​ គឺបងបើក​បុករនាំងដែក​តើ​?» តែបុរសជាម្ចាស់រថយន្តនៅ​តែនិយាយថា គាត់ពិត​ជាបានបុកម៉ូតូ​មែនតែត្រង់កន្លែងនេះ។

សូមបញ្ជាក់ថា កាលពីជាង១ខែមុន មានបុរសម្នាក់បានជិះម៉ូតូធុនធំ​មួយគ្រឿទៅបុករនាំងដែកនៅកន្លែងនេះ​ បណ្តាលដួលបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងដែលបុរសបើក​រថយន្តទៅបុកនិងរនាំងដែកនេះដែរ​ ទើបធ្វើឲ្យអ្នកដែលបានដឹងពីកន្លែងនេះ បាននិយាយថា បុរសម្ចាស់រថយន្ត​ដែលបើកបុករនាំងដែកនេះ ពិតជាខ្មោចបុរសដែលជិះម៉ូតូ​បុកដួលស្លាប់នេះលង។ ប៉ុន្តែទោះបីយ៉ាងណានេះគ្រាន់តែជាលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ​។

ជាចុងក្រោយ ទោះបីបុរសដែលបើករថយន្ត​ទៅបុករនាំង​ដែកបណ្តាល​ឲ្យបាក់ដោយ​សារខ្មោចលង​ក៏ដោយ ក៏រថយន្តត្រូវបាន​ខាងសមត្ថកិច្ច ជំនាញចុះមក​វាស់វែងនិងស្ទួចយក​ទៅរក្សារទុក​ដើម្បីរង់ចាំម្ចាស់​ដោះស្រាយសង​សំណងដែរ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP