CamNews

យល់ដឹង 

ប្រការ​​គួរ​​យល់​ដឹង​​ មុន​​នឹង​​សម្រេច​ចិត្ត​​រៀបការ

ការជ្រើសរើសគូស្រករ គឺជារឿងសំខាន់បំផុតមួយក្នុងឆាក ជីវិតមនុស្សម្នាក់ៗ។ សង្គមខ្មែរឲ្យតម្លៃទៅលើការរួមរស់ប្តីមួយប្រពន្ធមួយ អស់មួយជីវិត។ ការលែងលះ គឺជាប្រការដែលត្រូវជៀសវាងឲ្យខានតែបាន ព្រោះវាមានផលវិបាកច្រើនដល់មនុស្សជំនាន់ក្រោយ ពោលគឺកូនៗ។ ហេតុនេះការពិចារណា ដោយល្អិតល្អន់មុនពេលរៀបការជាមួយ នរណាម្នាក់ ត្រូវតែយកចិត្តទុកដាក់ធ្វើជាចាំបាច់។ ចូរចោទសួរខ្លួនឯងនូវកត្តានីមួយៗខាងក្រោម រួចស្វែងរកចម្លើយដោយក្តីស្មោះត្រង់បំផុតចំពោះខ្លួនឯង ៖

១. តើអ្នកពិតជាយល់ដឹងពីមនុស្ស ដែលអ្នកស្រឡាញ់គ្រប់យ៉ាងមែនឬ?

ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ ។ ពេលដែលស្រឡាញ់មើលឃើញអ្វីសុទ្ធតែល្អ។ អ្នកប្រាជ្ញាម្នាក់និយាយថា ចំពោះមនុស្សដែលយើងស្រឡាញ់ យើងតែងកុហកខ្លួនឯងពីរយ៉ាង ទី១អំពីគុណសម្បត្តិរបស់គេ និងទី២អំពីគុណវិបត្តិរបស់គេ។ គេមានគុណសម្បត្តិមិនគ្រប់គ្រាន់ក៏យើងយល់ថាល្អ គេមានគុណវិបត្តិច្រើនក៏យើងថាមិនអី។ មុននឹងសម្រេចចិត្តថារៀបការជាមួយនរណាម្នាក់ គេត្រូវពិចារណាឲ្យបានហ្មតចត់បំផុត កុំសម្រេចចិត្តឲ្យងាយៗ ដោយផ្អែកលើសេចក្តីស្រឡាញ់តែមួយមុខ។ ត្រង់ចំណុចនេះ ដើម្បីឲ្យការវិនិច្ឆ័យរបស់យើងមិនលំអៀង តោងតែយើងសំអាងលើគំនិត ឬស្តាប់គំនិតរបស់មនុស្សដែលជិតស្និទ្ធនឹងអ្នកដែលយើង ស្រឡាញ់។

២. តើស្នេហាតែមួយមុខគ្រប់គ្រាន់ អាចដោះស្រាយបញ្ហាជីវិតគ្រប់យ៉ាងមែនទេ?

មនុស្សមួយចំនួនច្រើនយល់ច្រឡំថាឲ្យតែស្រឡាញ់គ្នា គ្រប់គ្រាន់ហើយ រឿងផ្សេងទៀតគង់នឹងដោះស្រាយបាន។ កាលនៅស្រឡាញ់គ្នាថ្មីៗពាក្យនេះហាក់ដូចជាពិតណាស់ តែនៅជាមួយគ្នាយួរៗទៅក្តីស្រឡាញ់ក៏ចុះថយ ថែមទាំងមានសំពាធជីវិតផ្សេងទៀតដូចរឿងលុយជាដើម ភាពរកាំរកូសចេះតែកើនឡើង។ ដូច្នេះ អ្នកគួរយល់ថាស្នេហាគ្រាន់តែជាចំណែកមួយជួយគាំទ្រ ដល់សុភមង្គលតែប៉ុណ្ណោះ។

៣. តើមនុស្សយើងអាចនឹងកែប្រែបានក្រោយពេលរៀបការរួចមែនទេ?

អ្វីដែលក្លាយជាទម្លាប់ហើយគឺពិបាកនឹងកែ។ កុំគិតថាគូគ្រងរបស់អ្នកអាចនឹងកែប្រែទាំងស្រុងទៅ តាមផ្លូវដែលអ្នកគិតឲ្យសោះ។ មុននឹងសុខចិត្តរៀបការ គួរសួរខ្លួនឯងថា តើចំណុចមិនល្អទាំងឡាយនោះ អ្នកអាចទទួលយកបានទេ។

៤. ខ្ញុំរៀបការជាមួយគេ មិនមែនរៀបការជាមួយក្រុមគ្រួសាររបស់គេទេ…

តើអ្នកពិតជាត្រូវរស់នៅតែពីរនាក់ជាមួយគេដោយមិន រវល់នឹងឪពុកម្តាយសាច់ញាតិរបស់គេមែនទេ? បើអ្នកមានគំនិតបែបនេះ អាចជាកំហុសឆ្គងមួយ អ្នកនឹងរកសុភមង្គលមិនបានទេ។ ចូរសួរខ្លួនឯងនូវសំណួរដ៏ខ្លី តើអ្នកអាចកាត់ផ្តាច់ពីឪពុកម្តាយរបស់អ្នកទាំងស្រុងបានទេ? ពិតជាមិនបាន។ ដូច្នេះទាំងអ្នកទាំងគេសុទ្ធតែមិនអាចកាត់ផ្តាច់ពី គ្រួសារចាស់បាន។

៥. រៀបការហើយមនុស្សពីរនាក់ក្លាយជាមនុស្សតែមួយមែនទេ?

យើងមិនអាចឃុំគ្រងមនុស្សម្នាក់ ឲ្យចំណាយពេលវេលា ឬធ្វើអ្វីៗគ្រប់យ៉ាងទៅតាមសេចក្តីត្រូវការរបស់យើង ឬស្របតាមយើងគ្រប់យ៉ាងបានទេ។ មនុស្សម្នាក់ៗត្រូវតែមានពេលវេលាផ្ទាល់ខ្លួន និងជិវិតឯកជនរបស់ខ្លួន។ ដើម្បីសុភមង្គល អ្នកទាំងពីរត្រូវចេះផ្តល់តម្លៃឲ្យគ្នា និងគោរពគ្នាទៅវិញទៅមក។

ចំណុចសំខាន់ៗមួយចំនួនទៀតដែលត្រូវយល់ដឹងមុនពេលរៀបការ៖

រឿងដែលស្ត្រីមិនចូលចិត្ត

– បុរសដែលផ្តោតអារម្មណ៍លើគ្រួសារចាស់ច្រើនហួសពេក
– បុរសចូលចិត្តដើរសប្បាយតែម្នាក់ឯង មិនទទួលខុសត្រូវ មិនយកចិត្តទុកដាក់នឹងគ្រួសារ
– បុរសដែលរិះគន់រឿងក្នុងផ្ទះថានាងមិនល្អ មិនពូកែ
– បុរសដែលមិនផ្តល់កិត្តិយសមិនកោតសរសើរនាង

រឿងដែលបុរសមិនចូលចិត្ត

– ស្ត្រីដែលរង់ចាំតែចាប់កំហុស មិនទុកចិត្តប្តី
– ស្ត្រីដែលធ្វើឲ្យគេអាប់មុខនៅចំពោះមុខអ្នកដទៃ
– ស្ត្រីដែលចូលចិត្តឈ្លេចសួររឿងដែលគេមិនចង់ឆ្លើយតប
– ស្ត្រីដែលរញាំរញ៉ូវ រអ៊ូរទាំងច្រើន

ដកស្រង់ចេញពីសៀវភៅ ត្រៀមខ្លួនក្លាយជាគ្រួសារថ្មី រៀបរៀងដោយលោក ច័ន្ទ ឫទ្ធី បោះពុម្ព លើកទី១ ឆ្នាំ ២០០៣។

ប្រភព៖ salarean.com


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: before and after wedding