(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា កីឡាមួយចំនួនដូចជា វាយបាល់ទះ វាយប៊ូល និងវាយកូនគោល សាមីខ្លួនត្រូវប្រឹងប្រែងដោយខ្លះឯង ហើយបើចាញ់ឬឈ្នះ មិនអាចឡាំប៉ាបានទេ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពី អ្នកលេង Facebook ឈ្មោះ «ភិរក្ស ភូមិន្ទ» បានសរេសរ Comment ថា៖«លេងក៏មិនសូវជាល្អមើលដោយសារគូប្រកួត មិនហ៊ានចូលដណ្តើម»។
ពាក់ព័ន្ធនឹងការ Comment នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងឆ្លើយតបថា «តែកីឡាបាល់ទះវាយប៊ូល វាយកូនគោលត្រូវប្រឹងខ្លួនឯងទើបអាចទៅរួច។ គូរប្រកួតគ្មានហេតុផលនិយាយថា យោគយល់នោះទេ ហើយបើចាញ់ឬឈ្នះមិនអាចឡាំប៉ា បានទេ។ សូមទៅរៀនឱយចេះគ្រប់ប្រភេទ កីឡាទើបងាយនិយាយគ្នា។ មិនបាច់ចេះលេងទេចេះតែក្បួនលេង ក៏បានដែរណាក្មួយឬប្អូនឬ បង»។
សូមជំរាបថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហោះរូបភាពលេងកីឡាកាលពីវ័យកណ្តាល ហើយអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមលេងកីឡា និងហាត់ប្រាណដើម្បីសុខភាព។
សូមបញ្ជាក់ថា កាលពីម្សិលមិញសម្តេចតេជោ ហ៊ុន សែន បានប្រាប់មន្រ្តីនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយជំរឿនកសិកម្មកម្ពុជា នាវិមានសន្តិភាពថា សម្តេចបានតាមដានការរាយការណ៍ (Comment) របស់ប្រជាពលរដ្ឋនៅលើទំព័រ Facebook រាល់ពេលមិនថា ពេលយប់ ឬពេលថ្ងៃ ដើម្បីតាមដាននូវសុខទុក្ខរបស់ប្រជាពលរដ្ឋ និងដើម្បីដោះស្រាយបញ្ហាឲ្យទាន់ពេលវេលាជូនបងប្អូន៕
ផ្ដល់សិទ្ធដោយ៖ ហ្រេ្វសញ៉ូវអាស៊ី