CamNews

ព័ត៌មានអន្តរជាតិ 

ក្នុងបញ្ជីខ្មៅរបស់អង់គ្លេស មានឈ្មោះកូរ៉េខាងជើង ជាប្រទេស​គ្រោះថ្នាក់បំផុត​ទាំង១០​លើពិភពលោក!

(សេអ៊ូល)៖ សារព័ត៌មាន​មួយរបស់ចក្រភអង់គ្លេស​នាពេលថ្មីៗនេះ​ បានចាត់កូរ៉េខាងជើង ចូលទៅ​ក្នុងបញ្ជី​នៃប្រទេសដែល​មានភាព​គ្រោះថ្នាក់​ជាងគេ​បំផុតក្នុងចំណោមលំដាប់កំពូលៗទាំង​១០ប្រទេស​លើពិភពលោក​នៅក្នុង​ឆ្នាំ២០១៧នេះ ហើយគួរតែជៀសឲ្យឆ្ងាយតាមតែអាចធ្វើទៅបានដោយផ្អែកលើ​ការ​រំលោភ​បំពាន​សិទ្ធិដ៏ធ្ងន់ធ្ងរ​របស់របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យ៉ុនហ៉ាប់ នៅមុននេះបន្តិច​​នារសៀល​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។


ចំណែកឯប្រទេសចំនួន​០៩ផ្សេងទៀតរួមមាន សាធារណរដ្ឋអាហ្វ្រិកកណ្តាល, សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​​កុងហ្គោ, ស៊ូដង់ខាងត្បូង, ស៊ូដង់ , សូម៉ាលី, ស៊ីរី, អ៊ីរ៉ាក់, អាហ្វហ្គានីស្ថាន, និងប៉ាគីស្ថាន។ នេះបើយោងតាម​សារព័ត៌មាន Daily Express ដែលបាន​សរ​សេរ​​នៅ​ក្នុង​ការ​បោះ​ពុម្ព​​ផ្សាយ​របស់ខ្លួន​កាលពីថ្ងៃទី១៨ ខែមករា​យ៉ាងដូច្នេះថា «កូរ៉េខាងជើង​ត្រូវបានចាត់ចូល​ជា​ប្រ​ទេស​​ ដែល​មាន​​សុខ​សន្តិ​ភាព​​តិច​តួច​ជាង​គេ​​បំផុត​​ នៅ​តំបន់​​អាស៊ី​​ប៉ា​ស៊ី​ហ្វិក»

ដោយផ្អែកលើ​របាយការណ៍ឆ្នាំ២០១៦​ របស់អង្គការ​លើកលែង​ទោស​អន្តរជាតិសារព័ត៌មាន​ខាងលើ​បានបន្ថែម​ទៀតថា «ប្រជាជនកូរ៉េខាង​ជើង​នៅតែបន្ត​រងគ្រោះ​ដោយសារការព្រងើយកន្តើយ និងរំលោភ​បំពាននៃ​សិទ្ធិមនុស្ស​របស់ពួកគេ ហើយអាជ្ញាធរ​នៅទីនោះ​នៅតែបន្ត​ចាប់ និងឃុំខ្លួន​​បុគ្គល​នានា​ដោយ​បំពាន និងគ្មាន​ការ​ជំនុំ​​ជម្រះ​ក្តី​​ដោយ​យុត្តិធម៌​និងសិទ្ធិទទួល​បានមេធាវី​ការពារខ្លួន និងជួបជុំគ្រួសារ​ដោយរួម​បញ្ចូលទាំង​ជនជាតិ​កូរ៉េខាងត្បូង​ថែមទៀតផង»

គួរបញ្ជាក់ថា​សារព័ត៌មានចុះផ្សាយ​បញ្ជីខាងលើ​ដោយផ្អែកលើ​តារាង Global Peace Index (GPI) ដែលត្រូវ​បានរៀបចំ​ឡើងជារៀងរាល់ឆ្នាំ​ដោយវិទ្យាស្ថាន​សេដ្ឋកិច្ច​ និងសន្តិភាព​ដែលមានមូលដ្ឋាន​នៅទីក្រុងស៊ីដនី​នៃប្រទេស​អូស្រ្តាលី​ ហើយ GPI បានវាយតម្លៃ​ទៅលើ​សុខសន្តិ​ភាព​របស់ប្រជាជាតិ​នីមួយៗ​ដោយធ្វើការស្ទាបស្ទង់​ ទៅលើកំរិត​នៃកត្តា​ចំនួន​២៣រួមមាន​ អំពើហិង្សា, ឧក្រិដ្ឋកម្ម, សង្រ្គាម, និងការចំណាយ​ផ្នែក​យោធាជាដើម៕



ប្រភព ៖ យ៉ុនហ៉ាប់ 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: North korea South korea Kim Jong Un