CamNews

កីឡាអន្តរជាតិ 

ភ្លើង​គប់ បើក​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​រដូវ​ក្តៅ ត្រូវ​បាន​ដង្ហែ​មក​ដល់​ប្រទេស​ប្រេស៊ីល​ហើយ (Video)

(ក្រុងរីយ៉ូ)៖ ភ្លើងគប់ (Flame) ដែលជាសញ្ញាបើកសម្ពោធការប្រកួតកីឡាអូឡាំពិកពិភពលោក ឆ្នាំ២០១៦ នេះ ត្រូវបានដង្ហែមក​ដល់​ទី​កន្លែង​ចាប់​ផ្តើម នៃ​ប្រទេស​ប្រេស៊ីល​ជា​ផ្លូវ​ការ​ហើយ ក្រោយចាកចេញពីទីក្រុង Geneva ប្រទេសស្វីស នារសៀលថ្ងៃទី៣ ខែឧសភា ។

សារព័ត៌មាន BBC បានឲ្យដឹងថា ភ្លើងគប់ ត្រូវបានដង្ហែតាមជើងហោះហើរត្រង់ពីទីក្រុង Geneva នៃប្រទេសស្វីស មកកាន់ទីក្រុង Brasilia របស់​ប្រេស៊ីល ដែល​មាន​ការ​ទទួល​ស្វាគមន៍​ពី​ប្រធានា​ធិបតី Dilma Rousseff រួមជាមួយ អត្តពលិកចំនួន ១២០០០នាក់ផងដែរ ដែល​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ការ​ដង្ហែ​ជុំវិញ​ទី​ក្រុង​ចំនួន ៣០០នៅ​ទូ​ទាំង​ប្រទេស ប្រេស៊ីលក្នុងរយៈពេល៩៥ថ្ងៃ មុនការប្រកួតកីឡាអូឡាំពិក ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥ ដល់ថ្ងៃទី២១ ខែសីហា ខាងមុខ ។

ការដង្ហែភ្លើងគប់ នៅទូទាំងជាង៣០០ទីក្រុងនោះដែរ នឹងត្រូវបានដង្ហែថ្ងៃចុងក្រោយចេញពីទីក្រុង Amazon ឆ្ពោះទៅកាន់ព្រំប្រទល់ភាគខាងត្បូង​នៃ​ប្រទេស​ប្រេស៊ីល មុន​ដង្ហែ​មក​ទី​ចាប់​ផ្តើម​នៃ​កីឡដ្ឋាន Maracana ស្ថិតក្នុងទីក្រុង Rio de Janeiro ជាផ្លូវការនៅថ្ងៃទី៥ សីហា ។

ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវក្តៅ លើកទី៣១ ឆ្នាំ២០១៦ នេះ នឹងមានអត្តពលិកសរុបចំនួន ១០៥០០នាក់​មក​ពី ២០៦​ប្រទេស​ចូល​រួម​ប្រកួត​ដណ្តើម​មេដាយ​ទៅ​លើ ២៨​ប្រភេទ​កីឡា នៅទីតាំងចំនួន៣៣កន្លែងទូទាំងប្រទេស ប្រេស៊ីល ជាមួយនឹងប្រភេទកីឡាបាល់ទាត់​ចាប់​ផ្តើម​មុន​គេ នា​ថ្ងៃ​ទី​៣ សីហា នេះ​បើ​យោងតាមគេហទំព័រ IOC អន្តរជាតិ ហើយវាក៏ជាលើកទី១ផងដែរ សម្រាប់​លោក​ប្រធាន Thomas Bach ក្នុង​ការ​រៀប​ចំ​យុទ្ធនា​ការ​កីឡា Summer Olympic Games នេះ ៕



 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Int sport news