ព័ត៌មានអន្តរជាតិ ៖ វេលាប៉ុន្មានម៉ោង មុននេះ បន្តិច ក្រោយពីបានដកស្រង់ សម្តីរដ្ឋមន្រ្តី ក្រសួង ការពារជាតិ ប្រទេសកូរ៉េខាងត្បូង ទំព័រសារព័ត៌មានបរទេស ស៊ីអិនអិន បានចេញផ្សាយ អោយដឹង ថា ឆ្មាំសមុទ្រ ក៏ដូចជា កងទ័ពជើងទឹក របស់ប្រទេស កូរ៉េខាងត្បូង បានបាញ់គ្រាប់ពិតធ្វើការគំរាម ខណៈនាវាល្បាត កូរ៉េខាងជើង ៣ គ្រឿង បានបើក បំពានចូលព្រំប្រទល់ដែនសមុទ្រ នៅឯសមុទ្រ លឿង Yellow Sea ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា នាវាល្បាត របស់កូរ៉េខាងជើង ទាំងនោះ បានបើកចូល ដែនអធិបតេយ្យភាព ប្រទេសកូរ៉េខាងត្បូង នៅឯ ព្រំប្រទល់ដែនសមុទ្រ ដែលត្រូវបានគេស្គាល់ថា ខ្សែបន្ទាត់ព្រំប្រទល់ដែន ភាគខាងជើង Northern Limit Line ( NLL ) នៅវេលាម៉ោង ៤ ល្ងាច ល្ងាច ថ្ងៃអង្គារ ម្សិលមិញនេះ ។ ភ្លាមៗនោះ គេឃើញបង្វែរគោលដៅ ពីសំណាក់នាវាល្យាត កូរ៉េខាងជើង ៣ គ្រឿងខាងលើ ពោល ងាកត្រលប់ទៅភាគខាងជើងវិញ ក្រោយពី នាវាល្យាតរបស់កូរ៉េខាងត្បូង បាញ់គ្រាប់ គម្រាម ដល់ទៅ ១០ គ្រាប់ ។
គួរបញ្ជាក់ថា NLL គឺជាខ្សែបន្ទាត់ ព្រំប្រទល់ដែន រវាងប្រទេសទាំងពីរ ដោយលាតសន្ធឹង ពីជ្រាំង សមុទ្រ ភាគខាងលិច ឧបទ្ទីបកូរ៉េ ទៅ សមុទ្រលឿង ខណៈខ្សែបន្ទាត់ នេះ ត្រូវបានសម្រេច ឡើង ដោយអង្គការ សហប្រជាជាតិ ក្រោយពី កើតមានសង្រ្គាម នៅឧបទ្វីបកូរ៉េ ក៏ប៉ុន្តែ កូរ៉េខាងជើង ពុំ ធ្លាប់បានទទួលស្គាល់នោះទេ ។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នា រវាងប្រទេសទាំងពីរ ត្រូវបានគេមើលអោយឃើញថា បានកើតមាន ឡើងជារឿយៗ តួយ៉ាង នៅដើមឆ្នាំនេះ ប្រទេសទាំងពីរ បានមានបញ្ហាប្រឈម ដាក់គ្នា ខាងយោធា ដោយបាញ់បោះ គ្រាប់ពិតទៅវិញទៅមក ក្រោយប្រទេស កូរ៉េខាងជើង ធ្វើសមយុទ្ធយោធា បាញ់ គ្រាប់ពិត ទម្លាក់ចូលដែនអធិបតេយ្យភាព ប្រទេសកូរ៉េខាងត្បូង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន