ភ្នំពេញ៖ តារាសម្តែង ដែលមានមាឌមាំ មុខស្រគត់ស្រគំ រាងខ្ពស់ស្រឡះ លោក ជា សុវណ្ណ
នរាហ៍ បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះខាង ស្ថានីយទូរទស្សន៍បាយ័ន បានផ្តល់ ឱកាស
ឲ្យលោកចាប់អាជីព ថ្មីមួយទៀត ដើម្បីសាងភាពល្បីល្បាញ បន្ថែមពីលើអាជីពចាស់។
បុរសរូបសង្ហា មានសម្បុរស្រអែម ស្រស់ទម្រង់មុខវែង ថ្គាមខ្លា លោក ជា សុវណ្ណនរាហ៍ បាន
បង្ហើបប្រាប់ Looking TODAY ឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣នេះថា ក្នុងឆ្នាំថ្មីនេះ សន្ទុះ
ការងាររបស់លោក ដូចជាមានយីអ៊ុនជាងឆ្នាំមុន ព្រោះមានការមមាញឹកជាប់ៗ គ្នាមិនដាច់ទាល់
តែសោះ ដោយបច្ចុប្បន្ននេះ លោកបានទទួលថតរឿងថ្មី២ ហើយក្នុងចំណោមរឿងនេះ មាន
រឿងមួយធ្លាប់ទទួលបានការគាំទ្រហើយ ពេលនេះកំពុងតែបន្តថតវគ្គទី២ គឺរឿង “អាបពាក់មួក
សុវត្ថិភាពវគ្គ២”។ ក្រៅពីនេះលោកទើបតែក្តោបបាន ឱកាសថ្មីមួយទៀត គឺជាពិធីករនៅ ស្ថានីយ
ទូរទស្សន៍បាយ័ន ដោយលោកកាន់កម្មវិធីដល់ទៅ៣ ក្នុងនោះផ្សាយផ្ទាល់២ និងថតទុក១។
តួឯកប្រុសដែលកំពុងតែមាន ប្រជាប្រិយភាពខ្លាំង តាមរយៈខ្សែភាពយន្តរឿង “ អាបពាក់មួក
សុវត្ថិភាព” រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ ក្រៅពីអាជីពជាតារាសម្តែង ថ្មីៗនេះខ្ញុំបានចាប់យក
អាជីពថ្មីមួយទៀត គឺជាពិធីករប្រចាំនៅស្ថានីយទូរទស្សន៍បាយ័ន ។បើគិតរហូតមកដល់ពេលនេះ
ខ្ញុំបានធ្វើប្រហែលជា១០ថ្ងៃ ហើយទើបតែចាប់ផ្តើមកម្មវិធី មួយផ្សាយផ្ទាល់ ដោយចាប់ដៃគូជា
មួយ អ្នកនាង កែវ ពេជ្រពិសី គឺកម្មវិធី “ដួងតារារយពាន់” ហើយកម្មវិធី២ទៀតគឺ មិនទាន់ច្បាស់
នៅឡើយទេ”។
លោក ជា សុវណ្ណនរាហ៍ បានប្រាប់ឲ្យដឹងថា សម្រាប់អាជីពថ្មី របស់លោក គឺមានការលំបាក
ខ្លះៗព្រោះថាលោកធ្លាប់តែសម្តែង មិនធ្លាប់កាន់ក្បាលមេក្រូ ហើយនិយាយក្នុងម្មវិធី ផ្សាយផ្ទាល់
ទៀត គឺទាមទារឲ្យលោកមាន ការប្រុងប្រយ័ត្នពាក្យសំដី និងរៀបចំខ្លួនឲ្យបានល្អ ព្រោះថាលោក
មិនធ្លាប់មានបទពិសោធ ។ ទោះជាយ៉ាងណាលោក នឹងខំប្រឹងធ្វើយ៉ាងណាឲ្យ កម្មវិធីដែលលោក
កាន់ដំណើរការទៅបានយ៉ាងល្អ ហើយខំប្រឹងហ្វឹកហាត់បន្ថែមទៀត។
តារាប្រុសដែលធ្លាប់មានឱកាសឆក់បាន តំណែងតួឯកប្រុស នៅស្ថានីយទូរទស្សន៍បាយ័ន ក្នុង
រឿង “ល្បងស្នេហ៍ពិសោធន៍ចិត្ត” រូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា តាមការពិតទៅលោក
ក៏មាន ចិត្តស្រលាញ់អាជីពជាពិធីករនេះ មកយូរហើយ តែគ្មានឱកាសទាល់តែសោះ ទើបលោក
ចាប់ យកតែអាជីពជាតារាសម្តែងតែមួយ ។ រហូតមកដល់ពេលនេះ ខាងស្ថានីយទូរទស្សន៍ ក៏បាន
ផ្តល់ឱកាសឲ្យលោកសាកល្បង ចាប់យកអាជីពនេះ ទើបលោកសម្រេចចិត្ត ដោយមិនរុញរា ក្នុង
ការចូលប្រឡូកអាជីពជាពិធីករ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល