CamNews

ព័ត៌មានជាតិ 

កងទ័ពកម្ពុជា សមយុទ្ធបាញ់គ្រាប់ពិត បង្ហាញសមត្ថភាព ក្រោយបញ្ចប់ ការហ្វឹកហ្វឺន

កំពង់ស្ពឺ៖ កងទ័ពកម្ពុជាជាង ៥០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ បានធ្វើសមយុទ្ធបាញ់គ្រាប់ ពិត ប្រភេទកាំភ្លើងធំ និង រថពាសដែក បង្ហាញសមត្ថភាពរបស់ខ្លួន បន្ទាប់ពីពួកគេបានបញ្ចប់វគ្គហ្វឹកហ្វឺនអស់ជា ច្រើនខែ ដោយជោគជ័យ។

ការបង្ហាញសមត្ថភាពបាញ់គ្រាប់ពិតរបស់កងទ័ពអង់អាចក្លាហានរបស់កម្ពុជា បានធ្វើឡើងនៅភូមិសាស្រ្តភ្នំធំ ឃុំ ក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញជាអធិបតីដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់, អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន, មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ មាស សុភា, មេបញ្ជាការកងពលតូចលេខ៧០ ឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ព្រមនិងមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិ និងកងយោធពោលខេមរភូមិន្ទជាច្រើនរូប ផ្សេងទៀត។

គ្រាប់កាំភ្លើងពិត ដែលកងទ័ពកម្ពុជាធ្វើការបាញ់សមយុទ្ធនាព្រឹកនេះរួមមានកាំភ្លើងធំប្រភេទ ៦០មិល្លីម៉ែត្រ, ៨២ មិល្លីម៉ែត្រ និង១០០មិល្លីម៉ែត្រ រួមនឹងសមយុទ្ធដោយប្រើរថពាសដែក BMP1ផងដែរ។

កងទ័ព ដែលឆ្លងកាត់ការហ្វឹកហ្វឺនជំនាញពង្រឹងសមត្ថភាពលើទីលានប្រយុទ្ធ ដើម្បីការពារដែនដីកម្ពុជា ចូលមក បង្ហាញសមត្ថភាពនាព្រឹកនេះ មកពី៥អង្គភាព រួមមាន៖ កងពលថ្មើរជើងលេខ ៧០ និង កងទ័ពមកពីភូមិភាគ លេខ ២, ៣,៤ និងលេខ ៥។    

មេបញ្ជាការរងកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់កងកម្លាំងប្រដាប់ អាវុធទាំងអស់ ដែលបានខិតខំបញ្ចេញអស់នូវកម្លាំងកាយចិត្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងការហ្វឺកហ្វឺនបង្កើន សមត្ថភាព និងត្រៀមលក្ខណ: ដើម្បីការពារសុខសន្តិភាព ស្ថេរភាពជូនប្រជាជន និងការពារបូរណភាពទឹកដី របស់យើងគ្រប់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ បានជូនជាប្រយោគតាស់តឿនមួយឃ្លា ដល់កងកម្លាំងហ្វឹកហ្វឺនទាំងអស់នោះថា « ស៊ូ បង្ហូរញើសនៅលើទីលានហ្វឹកហ្វឺន ប្រសើរជាជាងបង្ហូរឈាមនៅលើទីលានប្រយុទ្ធ»៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh