(វ៉ាស៊ីនតោន)៖ បុរសម្នាក់ដែលបានចូលរួមចំណែកជួយឱ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតជាប្រធានាធិបតី អាមេរិកគឺអតីតអភិបាលរដ្ឋ Indiana និងជាអនុប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ផ្ទាល់គឺលោក Mike Pence ហើយប្រហែលជាមនុស្សភាគច្រើននៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាបុរសរូបនេះ មានឥទ្ធិពលដល់កំរិតណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The New York Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្នុងនាមជាអនាគតអនុប្រធានាធិបតី លោក Mike Pence មានអាយុ ៥៧ឆ្នាំបានជួយផ្ដល់យោបល់ និងការពារការរិះគន់ទំាងឡាយទំាងនៅក្នុងជួរបក្សសាធារណរដ្ឋ និងមជ្ឈដ្ឋានទូទៅមកលើលោក ដូណាល់ ត្រាំ។ ជាក់ស្ដែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Wisconsin កាលពីសប្ដាហ៍មុន លោក Mike Pence បានរារំាងការរិះគន់ប្រឆំាងនឹងលោក ដូណាល់ ត្រាំ ពីសំណាក់ប្រធានសភាមកពីគណបក្សសារធារណរដ្ឋ លោក Paul Ryan និងព្រឹទ្ធសមាជិក លោក Ron Johnson ដោយសំអាងថា វាមានវិធីសាស្ត្ររួមទំាងមធ្យោបាយជាច្រើនដែលឱ្យលោក ដូណាល់ ត្រាំ ធ្វើការជាមួយនឹងពួកគេ។
គួរបញ្ជាក់ថា កាលពីអំឡុងពេល លោក ដូណាល់ ត្រាំ កំពុងផុងខ្លួនក្នុងរឿងអាស្រូវផ្លូវភេទដែលបានធ្វើឱ្យមេដឹកនាំបក្សសាធារណរដ្ឋកំពូល មួយចំនួនប្រឆាំងនឹងរូបលោក ហើយរហូតដល់មានអ្នកខ្លះបានបង្ហាញពីបំណងចង់ឱ្យលោក Mike Pence ជំនួសកៅអីជាបេក្ខភាពប្រធានាធិបតីទៀតផង។ «ខ្ញុំបានឃើញបុរសម្នាក់នេះ (លោក Mike Pence) នៅពេលដែលគេគ្រប់គ្នាមើលរំលងរូបគាត់ ដែលជាមនុស្សក្លាហាន និងស្មោះត្រង់ជាទីបំផុត។» នេះជាការលើកឡើងរបស់លោក Paul Ryan ប្រធានសភាអាមេរិក៕
ប្រភព ៖ nytimes