CamNews

កីឡាជាតិ 

លោក Lee៖ ចាន់ វឌ្ឍនាកា ទៅ​ហាត់​នៅ​ជប៉ុន នឹង​បាន​ផល​ចំណេញ​ដល់​ក្រុម​គោ​ព្រៃ​កម្ពុជា

(ភ្នំពេញ)៖ ស្របពេលក្រុមជម្រើសជាតិកម្ពុជា ត្រូវបានប្រមូលផ្ដុំរយៈពេលជាង ១សប្ដាហ៍មកនេះ គឺមិនមានវត្តមានខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នោះ​ទេ ដោយ​សារ​គេ​ជាប់​បេសក​កម្ម​ទស្សនៈ​កិច្ច និងហ្វឹកហាត់នៅជប៉ុន។ ប៉ុន្ដែការអវត្តមានរបស់អ្នក​លេង​ជើង​ឆ្វេង​រូប​នេះ មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ក្រុម​នោះ​ទេ ផ្ទុយ​ទៅ​វិញ វានឹងទទួលបានផលចំណេញសម្រាប់ក្រុមកំពុងត្រៀមប្រកួតពាន AFF Suzuki Cup 2016 វគ្គចែកពូលនេះទៅវិញ ។ នេះបើតាមការលើកឡើងរបស់លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។

លោក Lee បានឲ្យដឹងក្រោយដឹកនាំក្រុមយកឈ្នះក្រុមភ្នំពេញក្រោន ៣-១ ក្នុងជំនួបមិត្តភាពល្ងាចមិញថា ការចេញទៅហាត់នៅជប៉ុន គឺ​ជា​​ឱកាស​ដ៏​ល្អ​ដែល ចាន់ វឌ្ឍនាកា ត្រូវអភិវឌ្ឍន៍ខ្លួន និងនាំមកវិញនូវបទពិសោធន៍ បច្ចេកទេសថ្មីៗ សម្រាប់ចែករំលែកដល់មិត្តរួមក្រុម ។ ជារួមគឺមានផលប្រយោជន៍ច្រើន សម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ យ៉ាងណាមិញគេត្រឡប់មកវិញថ្ងៃនេះហើយ ដូច្នេះឱកាសនៃការហ្វឹកហាត់ជុំគ្នាត្រៀមប្រកួតពានកម្រិតអាស៊ានខាងលើ ក៏មិនមានផលប៉ះពាល់អ្វីដែរ ។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធមកពីក្លឹបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា បានចេញទៅជប៉ុន កាលពីយប់ថ្ងៃទី៣១ ខែតុលាកន្លងទៅ ដើម្បីទស្សនៈកិច្ច និង​ហ្វឹក​ហាត់​ជា​មួយ​ក្លឹប Fujieda MYFC រយៈពេលមួយសប្ដាហ៍ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ តាមរយៈការអញ្ជើញ​របស់​ថ្នាក់​ដឹក​នាំ​ក្លឹប​នៃ​លីគ​លំដាប់​ទី​៣ របស់​ប្រទេស​ជប៉ុន​នេះ​។ ប៉ុន្ដែ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក បែរ មករា អ្នកចាត់ក្រុមបឹងកេត នៅរសៀលនេះលោក និង វឌ្ឍនាកា នឹងធ្វើដំណើរមកដល់កម្ពុជាវិញហើយ៕

ចាន់ វឌ្ឍនាកា (រូបទី២ រាប់ពីឆ្វេង)

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chan Vatanaka