ព័ត៌មានកីឡា៖ ឯកសារថតចម្លងពាក្យសម្ដីឆ្លើយឆ្លងតាមទូរស័ព្ទដែលត្រូវបានទទួលការចោទប្រកាន់ ទៅលើកីឡាករខ្សែប្រយុទ្ធក្លឹប Real Madrid ត្រូវបានគេទម្លាយ ហើយខណៈដែលពាក្យសម្ដីនោះបានត្រូវគេរាយការណ៍ថា Karim Benzema បានប្រាប់ទៅ Mathieu Valbuena ប្រសិនជាចង់ឲ្យវីដេអូអាសអាភាសនោះ ត្រូវបំផ្លាញ ចូលមកជួបជាមួយនឹងមិត្ដភក្ដិម្នាក់នៅក្នុងទីក្រុង Lyon (ទីក្រុងក្នុងប្រទេសបារាំង)។
Karim Benzema បានធ្លាក់ខ្លួនត្រូវតុលាការ ទីក្រុង Versailles ធ្វើការចោទប្រកាន់ កាលពីសប្ដាហ៍មុន ជាមួយនឹងរឿងរ៉ាវដ៏ស្មុគស្មាញ កើតចេញពីសារខ្មៅមួយ ទាក់ទងនឹងវីដេអូអាសអាភាសរបស់កីឡាករ Mathieu Valbuena ដែលជាមិត្ដភក្ដិ ក្នុងក្រុមជម្រើសជាតិបារាំងជាមួយគ្នា ហើយឈានទៅដល់ការចម្រិតទារប្រាក់ដើម្បីជាការដោះដូរនឹង វីដេអូមួយនោះ។ ករណីមួយនេះ មិនទាន់បានគេចផុតពីការស៊ើបអង្កេតពីភ្នាក់ងារប៉ូលីសនៅឡើយ ទេខណៈដែល កីឡាករ Mathieu Valbuena ក៏មិនទាន់អនុញ្ញាតឲ្យមានការជួបផ្ទាល់ផងដែរ ។ មេធាវីរបស់ Karim Benzema លោក Sylvain Cormier នៅតែបន្ដការគាំទ្រកីឡាករដដែលថា គឺមិនបានពាក់ព័ន្ធនឹងករណីមួយនេះ នោះទេ។
យោងតាម ការសែត L'Equipe និង Europe 1 បានចេញផ្សាយកាលពីថ្ងៃពុធ អំពីពាក្យសម្ដីឆ្លើយឆ្លងគ្នារវាង កីឡាករ Karim Benzema និង មិត្ដភក្ដិកីឡាករម្នាក់ទៀតឈ្មោះថា Karim Zenati កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ បាននិយាយទៅកាន់ Mathieu Valbuena ថា " ខ្ញុំរង់ចាំនៅទីនេះ ដើម្បីជួយដោះស្រាយបញ្ហា អ្នកនឹងត្រូវតែជួបបុរសម្នាក់នោះ ដែលគេនឹងមក និងមកជួបអ្នក" Karim Benzema និយាយ។
Karim Benzema បានពន្យល់ប្រាប់ Zenati ពីពាក្យសម្ដីដែលគាត់ប្រាប់ទៅ កាន់ Valbuena ថា» ប្រសិនជាអ្នកចង់ឲ្យវីដេអូនោះបំផ្លាញ មិត្ដភក្ដិរបស់ខ្ញុំម្នាក់ទៀត នឹងទៅជួបអ្នកក្នុងទីក្រុង Lyon ។ ចូលអ្នកនិយាយជាមួយគេទៅ អ្នកនឹងអាចមើលឃើញ និងដឹងអ្វីៗគ្រប់យ៉ាងដែលអ្នកចង់ដឹង ប៉ុន្ដែប្រសិនជាអ្នកមិនចង់នោះទេ នោះគឺជារឿងជីវិតរបស់អ្នក ...ខ្ញុំសូមប្រាប់អ្នកឲ្យហើយ»។
សូមបញ្ជាក់ឡើងវិញផងដែរថា ទាំងនេះគឺជាពាក្យសម្ដីរបស់ Benzima ពន្យល់ប្រាប់ទៅកាន់ Karim Zenati អំពីដំណឹង ដែលគាត់បានប្រាប់ទៅកាន់ Valbuena មុនពេលចាប់ខ្លួន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball