ព័ត៌មានកីឡា៖ តំណែងជាគ្រូបង្វឹករបស់លោក Jose Mourinho ក្នុងក្លឹប Chelsea មកទល់ពេលនេះ នៅមិនទាន់ធានាឲ្យបានសុវត្ថិភាព នៅឡើយទេ នោះគឺដោយសារតែហេតុនៃការគ្រប់គ្រងមានភាពប្រែប្រួល ស្របពេលដែលប្រវត្ដិកន្លងមកមួយ រដូវកាលដំបូង ក្លឹប ទទួលបានពានរង្វាន់ដល់ទៅ ២ គ្រឿងក្នុងឆ្នាំតែមួយ គឺ Premier League និង League Cup ប៉ុន្ដែពេលនេះ ស្ទើតែដកដង្ហើមលែងដល់គ្នាទៅហើយ ។ ទន្ទឹមគ្នានេះផងដែរ បើក្រលេកមើលការប្រកួតកន្លងមក ពិតជាបរាជ័យជាក់ស្ដែងមែន តែធាតុពិតក៏មានការរួមចំណែកផងដែរ ពីកីឡាករ ។ ថ្មីៗនេះ មានការបែកធ្លាយពី អ្នកសារព័ត៌មាន របស់វិទ្យុប៊ីប៊ីស៊ី បង្ហើបថា ទំនាក់ទំនង របស់ក្លឹប គឺរវាងថ្នាក់ដឹកនាំ នឹងកីឡាករ កំពុងតែមានភាពមិនប្រក្រតី ខណៈដែលមានឆ្លើយឆ្លងពាក្យសម្ដីរបស់លោក គឺមានកីឡាករម្នាក់ដែលមិនបានបង្ហាញឈ្មោះ បានប្រាប់លោក ថា »សម្រាប់លោក Jose Mourinho គឺបរាជ័យ ល្អជាងជោគជ័យ » ។
យោងតាមការចុះផ្សាយកន្លងមក សម្រាប់ពាក្យសម្ដីនេះ គឺមិនទាន់ត្រូវបានគេសន្មត់ថាជាកីឡាករណាម្នាក់ឡើយ ដោយឡែកមកទល់ពេលនេះ មានការចុះផ្សាយថា កីឡាករម្នាក់របស់ Chelsea ដែលស្ថិតក្នុងបញ្ហានេះ គឺខ្សែបម្រើឈ្មោះថា Cesc Fàbregas គឺជាបុគ្គលមួយរូបពាកព័ន្ធក្នុងរឿងនោះ ។
Cesc Fàbregas គឺជាអតីតខ្សែបម្រើរបស់ក្លឹប Arsenal និង Barcelona ហើយក៏ជាបុគ្គលមួយរួបក្នុងចំណោមក្រុមកីឡាករមួយចំនួនទៀតរបស់ Chelsea ដែលមានអំពើប្រតិកម្មប្រឆាំង នឹងការដឹកនាំរបស់លោក Jose Mourinho ក្នុងរដូវកាលនេះ។ Cesc Fàbregas ត្រូវបានគេដឹងថា កីឡាករមិនសប្បាយចិត្ដនឹងសេចក្ដីសម្រេចរបស់លោក Mourinho ទៅលើ អ្នកគ្រូពេទ្យ Eva Carneiro នឹងការរៀបចំនៅពេលនេះ ។
យោងតាមអ្នករាយការណ៍ បានថ្លែងឲ្យដឹងថា Cesc Fàbregas គឺជាអ្នកដឹកនាំក្រុមនុស្សទាំងអស់នោះ ដែលធ្វើការប្រឆាំងនឹង លោក Mourinho ប៉ុន្ដែការអះអាងនេះ មិនទាន់មានការបង្ហាញឲ្យបានច្បាស់ទាំង ១០០% នៅឡើយទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailystar