(ភ្នំពេញ)៖ រហូតដល់ម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកតវ៉ាជាង ៣០នាក់ បន្ទាប់ពីពួកគេបានផ្ទុះហិង្សា យកដុំថ្មគប់ និងវាយបំផ្លាញ សម្ភារៈ ទ្រព្យសម្បត្តិនៅក្នុងរោងចក្រ។ នេះបើយោងតាមឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានប្រាប់អង្គភាពព័ត៌មាន Fresh News មុននេះបន្តិច។
ការឃាត់ខ្លួនក្រុមអ្នកតវ៉ាជាង ៣០នាក់នេះ បានធ្វើឡើងបន្ទាប់ពីមានបាតុកម្មជាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសតាយ សេង ដោយមានកម្មករប្រមាណ ៩ពាន់នាក់ មកពី៣រោងចក្រ ក្នុងចំណោមជាង ១០រោងចក្រ បាននាំគ្នាជួបជុំតវ៉ា ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលបន្ថែម២០ដុល្លារ លើការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៦។
លោក កឹង ឃន បានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមអ្នកតវ៉ានេះ បានធ្វើឡើងបន្ទាប់ពីពួកគេបានព្យាយាមប្រើហិង្សា ដោយដុំថ្ម ដំបង ទៅគប់ វាយបំផ្លាញសម្ភារៈ និងទ្រព្យសម្បត្តិរបស់រោងចក្រ។
សូមជំរាបថា តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ កម្មកររាប់ម៉ឺននាក់នៅក្រុងបាវិត បាននាំគ្នាធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែបន្ថែម លើសពីប្រាក់ឈ្នួលអប្បបរមា ១៤០ដុល្លារ ដែលកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៦។ ក្រោយមានបាតុកម្មនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៤នាក់ ដែលជាមុខសញ្ញាគប់រោងចក្រនៅថ្ងៃទី២០ ខែធ្នូ ម្សិលមិញនេះ ស្របពេលសមាគមរោងចក្រកាត់ ដេរកម្ពុជា (GMAC) អំពាវនាវឱ្យចាត់វិធានការទៅលើកូដកម្មនេះ។
កម្សួលបាតុកម្មបានផ្ទុះឡើងជាថ្មីនាព្រឹកថ្ងៃទី២១ ខែធ្នូ នេះ ដោយក្រុមកម្មករ បានលើកគ្នាមកតវ៉ាជាថ្មីក្នុងបំណងឲ្យសមត្ថកិច្ចដោះលែង តំណាងរបស់ពួកគេ។ កម្លាំងសមត្ថកិច្ចជាច្រើន បានចុះទៅការពារសន្តិសុខនៅរោងចក្រ និងមានការបាញ់ទឹក ដើម្បីបំបែកកម្លាំងអ្នកតវ៉ាផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី