ភ្នំពេញ៖ ផលិតកម្មចម្រៀងបច្ចុប្បន្ន មិនត្រឹមតែប្រឹងប្រែងផលិតបទ ចម្រៀង ប្រជែងគ្នាប៉ុណ្ណោះទេ សូម្បីតែតារា ចម្រៀង ដែលមានសមត្ថភាព ក៏ត្រូវបាន ផលិតកម្មល្បីៗ ធំៗទាំងនោះ ប្រជែងគ្នាចង់យកទៅច្រៀងក្នុងផលិតកម្មរបស់ខ្លួនដែរ ។ ផលិតកម្មនីមួយៗ មានតារាចម្រៀង មិនតិចជាង២០នាក់ទេ តែបទចម្រៀង ចេញមិនស្មើគ្នា នាំគ្នាដើរចេញប្រសេចប្រសាច ពេលខ្លះផលិតកម្មធំ មិនប្រាកដថា អាចសាងភាព ល្បីល្បាញបានដែរ ព្រោះផលិតកម្មខ្លះ ដើរប្រមូលអ្នកចម្រៀង យកទៅផ្អឹបទុក ។
ថ្មីៗនេះ ពាក្យថាចចាមអារ៉ាម ជាច្រើនទាក់ទងនឹង ការដើរចេញដើរចូល ពីផលិតកម្មមួយ ទៅផលិតកម្មមួយ របស់តារាចម្រៀងល្បីៗ ក្នុងនោះរួមមាន លោក ព្រាប សុវត្ថិ ជាដើម។ តែឥឡូវនេះ បានធ្លាក់មកតារាចម្រៀង សម្បុរខ្មៅស្រអែម លោក គូម៉ា វិញម្ដង ។ តារាចម្រៀង របស់ផលិតកម្មអឹម លោក គូមា ត្រូវបានផលិតកម្មអឹម លើកស្ទួយមិនតិចទេ បន្ទាប់ពី នីកូ បានចាកចេញ ពីផលិតកម្មនេះទាំងមិនស្ដាយស្រណោះ ព្រោះលោក គូម៉ា ប្រៀបបានតួឯក ពេលគ្មានគូប្រជែង។ តែក្ដីសង្ឃឹមលោក ត្រូវរលាយក្រោយ វត្តមានលោក វណ្ណស័ក្តិ ចូលផលិតកម្ម ព្រោះត្រឹមតែ មួយបទលោក វណ្ណស័ក្តិ អាចបំបែក ឯតទគ្គកម្មផ្នែកចម្រៀង រួចប្រមូលយកភាពល្បី ក្នុងពេលតែមួយប៉ប្រិចភ្នែក ។
ភាពបែកបាក់ ក្នុងផលិតកម្មអឹម មិនមែនជាលើកទី១ទេ តារាល្បីៗវេចបង្វេចចេញពីផលិតកម្មនេះ ជាបន្តបន្ទាប់ ក្នុងនោះរាប់ទាំង មាស សុខសោភា លោក ឆាយ វីរៈយុទ្ធ លោក ណាំបុណ្ណារ័ត្ន នឹងតារាចម្រៀងល្បីៗ ផ្សេងទៀត ។
ចំណែកឯតារាចម្រៀងប្រុស ខ្មៅស្រអែម លោក គូម៉ា ត្រូវបានគេបង្ហើបឲ្យដឹងថា លោកកំពុងតែសំងំថតបទថ្មី ក្នុងផលិតកម្ម ពូកែខាងនិពន្ធបទថ្មី គឺ ផលិតកម្មថោន ត្រៀមចេញបទចម្រៀង គួរឲ្យភ្ញាក់ផ្អើល ក្នុងពេលឆាប់ៗនេះ ។
តែផលិតកម្មថោន ព្យាយាមបិទបាំងព័ត៌មាននេះ ដើម្បីឲ្យពេលចេញបទចម្រៀង លើទីផ្សារ មានភាពភ្ញាក់ផ្អើល ព្រោះផលិតកម្ម ព្យាយាមធ្វើបទចម្រៀង អស់លុយច្រើនណាស់ ។ ដូចនេះត្រូវតែចេញទៅ មានភាពលេចធ្លោរ ។
តារាចម្រៀង លោក គូម៉ា មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺបានទេ ។ គេហទំព័រ LookingTODAY នឹងព្យាយាមស្វែងការការបំភ្លឺពីលោក គូម៉ា នាពេលក្រោយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល