CamNews

ព័ត៌មានជាតិ 

មុខសញ្ញាមហាបោក និងល្បួងនារីខារ៉ាអូខេ យកទៅប្លន់ទ្រព្យសម្បត្តិ ត្រូវជាប់អន្ទាក់សមត្ថកិច្ច ហើយ

(ភ្នំពេញ)៖ មុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ តែងតែល្បួងនារីខារ៉ាអូខេ ទៅដេកផ្ទះសំណាក់ ហើយភ្ជង់ប្លន់យកគ្រឿងអលង្ការ និងសម្ភារៈ មានតម្លៃនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា តាមបង្ក្រាប និងចាប់ខ្លួនបានហើយ ក្រោយពីជននេះទើបតែលួងនារីរងគ្រោះម្នាក់ ទៅប្លន់កាលពីប៉ុន្មានថ្ងៃមុននេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនឈានដល់ការឃាត់ខ្លួននេះ គឺនៅវេលាម៉ោង១៖៥០នាទី យប់រំលងអាធ្រាត្រ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ ជនសង្ស័យបានល្បូងយកនារីរងគ្រោះ ទៅដេកនៅផ្ទះសំណាក់ហើយ ធ្វើសកម្មភាពយកកាំភ្លើងប្លន់ទៅលើរូបនាង​ ហើយនាងបានប្រទះឃើញ ដោយចៃដន្យនៅចំណុចភោជនីយដ្ឋាន «ហ្សង់វីហ្សេរ » ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក៏រាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនបានភ្លាមៗ ដោយដកហូតម៉ូតូ Duke មួយគ្រឿង និងកាំភ្លើងខ្លីមិនស្គាល់ម៉ាក មួយដើម។

ជនសង្ស័យមិនត្រូវបានសមត្ថកិច្ចបញ្ចេញ អត្តសញ្ញាណឡើយ ដោយបច្ចុប្បន្នជនរូបនេះ និងវត្ថុតាង ត្រូវបានបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌ៧មករា ដើម្បីត្រៀមកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរថា នារីរងគ្រោះឈ្មោះ​ ស៊ុន​ សេរីសោភា​ អាយុ២៣ឆ្នាំ មុខរបរបម្រើការនៅហាង Karaoke​ ។ នារីរងគ្រោះបានរំលឹកថា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥​ ជនសង្ស័យបានបបួលនាងទៅគេងផ្ទះសំណាក់ តែបែរជាមិនទៅផ្ទះសំណាក់ បែរឌុបនាងយកទៅប្លន់តែម្តង គឺនៅសង្កាត់ព្រែក​តាសេក ខណ្ឌជ្រោយចង្វា​ ។

នាងបានបន្តទៀតថាសម្ភារៈ ដែលបាត់បង់រួមមាន​លុយ​ ខ្សែករ​ ចិញ្ចៀន​ នាឡិការ​ និងទូរសព្ទ័ដៃមួយគ្រឿង។ ជនល្មើសមានឈ្មោះ​ ចៀន​ ថារ៉ូថេត អាយុ៣១ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ហើយបច្ចុប្បន្ន ស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP