CamNews

ព័ត៌មានជាតិ 

ត្រីនេះសាហាវមែន!! ឆក់យកជីវីតមនុស្ស គ្មានត្រាប្រណីសោះ

កោះកុង ៖ អ្នកនេសាទម្នាក់បានស្លាប់យ៉ាងអាណោចអធ័ម និង ៩ នាក់ផ្សេងទៀត កំពុងត្រូវបានព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីទទួលទានត្រីកំពតសមុទ្រ ដែលមានជាតិពុល កាលពីល្ងាចថ្ងៃចន្ទ នៅស្រុកគិរីសាគរ ខេត្តកោះកុង។

លោកសុខចេង មេឃុំកោះស្តេច បានមានប្រសាសន៍ថា អ្នកនេសាទ ដែលស្លាប់នោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងព្រះសីហនុ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក គាត់បានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ។ បុរស អ្នកនេសាទ ដែលបានស្លាប់នោះ មានឈ្មោះពេជ្រ វិបុល អាយុ​ ៣០ ឆ្នាំ។

អ្នកនេសាទចំនួន 9 នាក់ផ្សេងទៀត កំពុងត្រូវបានព្យាបាល នៅមន្ទីរពេទ្យកោះកុង។ ស្ថានភាពរបស់ពួកគេ ត្រូវបានក្រុមគ្រូពេទ្យនិយាយថា បានប្រសើរឡើងហើយ ។ របាយការណ៍មុន ៗ បង្ហាញថា​ មានតែបុរសនេសាទ ៨ នាក់ប៉ុណ្ណោះ ដែលធ្លាក់ខ្លួនឈឺ។



លោកចេងបាននិយាយថា៖ "ជនរងគ្រោះផ្សេងទៀតបាននិយាយថា អ្នកនេសាទដែលបានស្លាប់បានញ៉ាំត្រីកំពតមានជាតិពុលនេះយ៉ាងច្រើន រីឯអ្នកនៅសល់ញ៉ាំតែតិចតួចប៉ុណ្ណ៉ោះ" ។

លោកបានបន្ថែមថា ស្ថានភាពជំងឺរបស់លោក វិបុល វិវត្ដន៍ធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស កាលពីយប់ថ្ងៃចន្ទ។ លោកនិយាយថា៖ "គាត់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដូច្នេះវេជ្ជបណ្ឌិត នៅខេត្តកោះកុង បានសម្រេចបញ្ជូនគាត់ទៅខេត្តព្រះសីហនុ ដើម្បីព្យាបាល ប៉ុន្តែគាត់បានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ"។


លោក ហុម សារឿន អធិការនគរបាលស្រុក បានថ្លែងថា ជនរងគ្រោះទាំងអស់ គឺជាអ្នកនេសាទ។ បុរសម្នាក់ក្នុងចំណោមពួកគេ ចាប់បានត្រីកំពត ហើយបន្ទាប់មកពួកគេបានបបួលគ្នា បរិភោគត្រីនោះ នៅកំពង់ផែទាំងអស់គ្នា។

ពួកគេបានចម្អិនត្រីកំពតនោះ ហើយបានហូបត្រីនោះរួមគ្នា នៅកំពង់ផែ បន្ទាប់ពីពួកគេត្រឡប់មកពីសមុទ្រវិញ។ ពួកគេចាប់ផ្តើមក្អួតភ្លាមៗ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ "។


លោក ម៉េង យូយ មេឃុំដុងប៉េង បាននិយាយថា ប្រជាជនក្នុងតំបន់ត្រូវបានព្រមានអំពីការបរិភោគត្រីកំពតពុលនេះ។ លោកបានមានប្រសាសន៍ថា៖ "យើងបានណែនាំអ្នកស្រុកមិនឱ្យញ៉ាំត្រីនេះទេ ពីព្រោះវា មានផ្ទុកជាតិពុល" ។

នៅខែមិថុនា ឆ្នាំ 2017 មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀត បានឈឺដោយសារពុលត្រីនេះ នៅខេត្តក្រចេះ បន្ទាប់ពីបរិភោគត្រីនេះ នៅឯពិធីជប់លៀង ៕


ប្រែសម្រួល៖ ដេវីដ

ប្រភព៖ KhmerTimes


Tags: Local news Social news