(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធជនជាតិប្រេស៊ីល Willian បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ៤ឆ្នាំទៅមុខទៀត ក្នុងការលេងឲ្យក្លឹបតោខៀវ Chelsea របស់អង់គ្លេស ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Antonio Conte នៅទឹកដី Stamford Bridge។
សារព័ត៌មាន BBC បានផ្សាយថា កីឡាករក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីល ដែលបានជួយឲ្យ Chelsea ឈ្នះពាន Premier League និង Capital One Cup រដូវកាលឆ្នាំ២០១៤-២០១៥ កន្លងទៅនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho នោះ បានសម្រេចបន្តកិច្ចសន្យាទៅមុខរយៈពេល ៤ឆ្នាំបន្ថែមទៀត បន្ទាប់ពីផ្លាស់ចេញពីក្លឹបរុស្ស៊ី Anzhi Makhachkala កាលពីឆ្នាំ២០១៣ ក្រោមតម្លៃខ្លួន ៣០លានផោន។
Willian រកបានគ្រាប់រកបានគ្រាប់បំប៉ោងសំណាញ់ទីបាន ១៣គ្រាប់ ពីការចូលលេងបាន៥៩ប្រកួតនារដូវកាលមុននេះ តែមិនបានជួយឲ្យ Chelsea ឈ្នះពានអ្វីទេ ក្រៅពីបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខរៀងទី៩ ក្នុងតារាង Premier League ពុំមានកៅអីលេងក្នុង Champions League និង Europa League រដូវកាលឆ្នាំ២០១៦-២០១៧ នេះឡើយ។
កីឡាករស្បែកខ្មៅ សក់កន្រ្ទើង Willian ក៏ជាសមាជិកក្នុងក្រុមជម្រើសជាតិប្រេស៊ីល ដែលបានចូលដំបូងក្នុងឆ្នាំ២០១១ មក រកគ្រាប់ស៊ុតបញ្ចូលទីបាន៦គ្រាប់ ពីការចូលលេងសរុបបាន៣០ប្រកួតរហូតបច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុននេះ Chelsea ក៏ទិញបានកីឡាករខ្សែប្រយុទ្ធជនជាតិប៊ែលហ្ស៊ិក Michy Batshuayi ពីក្លឹប Marseille របស់បារាំង ក្រោមតម្លៃខ្លួន ៣៣លានផោន ដែលជាសមាជិកថ្មីដំបូងគេក្នុងរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកជនជាតិអ៊ីតាលី Antonio Conte ដែលទើបតែលាលែងពីការងារពីក្រុមជម្រើសជាតិអាសូរីអ៊ីតាលី បន្ទាប់ពីបញ្ចប់យុទ្ធនាការ Euro 2016 នៅប្រទេសបារាំង ត្រឹមវគ្គ៨ក្រុមចុងក្រោយ៕
ខ្សែបម្រើប្រយុទ្ធ Willian (រូបស្តាំ)
កីឡាករខ្សែប្រយុទ្ធជួរមុខ Michy Batshuayi
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង