CamNews

កីឡាអន្តរជាតិ 

ទស្សនា​វិដេអូ​ខ្លោច​ផ្សា​បំផុត អធិរាជ​បាល់​ទាត់​ប្រេស៊ីល ចាញ់​អាល្លឺ​ម៉ង់​ស្ពឹក​មុខ ៧-១ នៅ World Cup

(សៅប៉ូឡូ)៖ ពិតជាមិននឹកស្មានដល់មែន សម្រាប់ក្រុមខ្លាំងស្តេចបាល់ទាត់ប្រេស៊ីល បានភ្លាត់ស្នៀតចាញ់ក្រុមឥន្រ្ទីយ៍ ដែកអាល្លឺម៉ង់ រហូតដល់ទៅ ៧-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ FIFA World Cup 2014 ក្នុងទឹកដីរបស់ខ្លួន។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតទៀតនោះ គឺត្រឹមតែរយៈពេល ៤៥នាទីក្នុងវគ្គទី១ប៉ុណ្ណោះ ក្រុមកីឡាករជម្រើ់សជាតិ អាល្លឺម៉ង់បានចែកគ្នាស៊ុតទម្លុះសំណាញ់ទីម្ចាស់ផ្ទះប្រេស៊ីលរហូតដល់ទៅ ៥-០ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៥៨១៤១នាក់ ពោលគឺត្រឹមតែ ១៨នាទីសោះប្រេស៊ីលបានរបូតដល់ទៅ ៥គ្រាប់ផ្ទួនៗគ្នាក្នុងនាទីទី១១ ២៣ ២៤ ២៦ និងនាទីទី២៩។

អ្នកគាំទ្រទាំងឡាយ និងពិភពលោកទាំងមូលចាប់ផ្តើមទ្រហ៊ោរយំ នៅពេលដែលកីឡាករអាល្លឺម៉ង់ស៊ុតគ្រាប់ទី៣បាន សម្រេចដោយកីឡាករ Tony Kroos មុនបន្ថែមគ្រាប់ទី២របស់គេ ត្រឹមតែ២នាទីក្រោយប៉ុណ្ណោះ ជាមួយនឹងមិត្តរួមក្រុម Thomas Muller, Mario Klose, Samir Khedira និង Andre Schurrle (រកបាន២គ្រាប់) សុទ្ធតែរកបានគ្រាប់បំប៉ោងសំណាញ់ទីដូចគ្នា។

ការអវត្តមានខ្សែប្រយុទ្ធជើងខ្លាំង Neymar ដោយសារបញ្ហារបួសខ្នងពេលប៉ះកូឡុំប៊ីក្នុងវគ្គ៨ក្រុម បានធ្វើឲ្យម្ចាស់ផ្ទះ សាំបាប្រេស៊ីល អាចតដៃបានវិញតែ១គ្រាប់ប៉ុណ្ណោះក្នុងនាទីទី៩០ចុងម៉ោង ពីការស៊ុតបញ្ចូលទីបានសម្រេចដោយកីឡាករ Oscar តែអ្វីៗហួសពេលបាត់ទៅហើយ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង