CamNews

តារា 

តារាប្រុស-ស្រី​ល្បីៗ ​ផ្ដាំដល់យុវវ័យ កុំឲ្យយកថ្ងៃ​១៤ កុម្ភៈ «ទិវានៃ​ក្តី​ស្រឡាញ់​» ​ជាថ្ងៃលះបង់

(ភ្នំពេញ)៖ ចំពេលដែលទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ បានឈានចូលមកដល់នេះ គេតែងកត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំ តែងមានយុវវ័យប្រុស-ស្រីមួយចំនួនបានយល់ខុស ពីអត្ថន័យនៃទិវាមួយនេះ។ មិនតែប៉ុណ្ណោះ ក៏មានយុវវ័យខ្លះទៀត តែងគិតថា ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ហើយបានយកថ្ងៃមួយនេះ ជាថ្ងៃពិសេសរបស់គេ តាមរយៈការជូនកាដូរ ឲ្យគ្នាទៅវិញទៅមក រហូតមានយុវតីខ្លះទៀត ក៏បានធ្វើការលះបង់ខ្លួនប្រាណ ដើម្បីបញ្ជាក់ពីការស្រឡាញ់ ដល់គូស្នេហ៍ទៀតផង។

ទន្ទឹមគ្នានឹងថ្ងៃទី១៤ កុម្ភៈ ដែលជាទិវានៃសេចក្តីស្រឡាញ់ឆ្នាំនេះ បានចូលមកដល់ ក៏មានមជ្ឈដ្ឋានមហាជនមួយចំនួនធំ បានធ្វើការអំពាវនាវ ដល់យុវតីខ្មែរគ្រប់រូប កុំឲ្យមានការយល់ច្រឡំ ឬយកថ្ងៃមួយនេះ ជាថ្ងៃពិសេសលះបង់ខ្លួនប្រាណ ជាថ្នូរជាមួយការផ្តល់កាដូរ ឬរបស់ផ្សេងពីសំណាក់គូស្នេហ៍ ដែលជាហេតុនាំឲ្យខូចអនាគត ខ្លួនផងនោះ។

ដោយឡែក ងាកមកចាប់អារម្មណ៍ លើតារាសិល្បៈខ្មែរឯណេះវិញ ក៏មានការអំពាវនាវ មិនខុសគ្នាផងដែរ ខណៈថ្មីៗនេះ តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា បានចេញមុខអំពាវនាវ ដល់កូនខ្មែរគ្រប់រូប មិនត្រូវជ្រួលជ្រើម នៅថ្ងៃទី១៤ កុម្ភៈនេះឡើយ។ លោកបានលើកឡើងថា «សូមផ្តាំទៅកូនខ្មែរ មួយចំនួនថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់ មិនមែនជាទិវាឱបរិត ឬទិវារួមរ័កឡើយ សូមកូនខ្មែរមួយចំនួន កុំជ្រួលជ្រើម ព្រោះវាមិនមែនជាទិវាបុណ្យជាតិ ឬជាទិវាវប្បធម៌របស់ខ្មែរឡើយ សូមកុំយល់ច្រឡំ!»

មិនខុសគ្នានេះដែរ តារាចម្រៀងស្រីសម្លេងស្រទន់ កញ្ញា សុខ ពិសី ក៏បានបញ្ចេញទស្សនៈ ក្រើនរំឭកដែរថា «សូមយុវវ័យខ្មែរ ត្រូវយល់ឲ្យច្បាស់ ចំពោះអត្ថន័យទិវា នៃសេចក្តីស្រឡាញ់ថ្ងៃទី១៤ កុម្ភៈ ហើយត្រូវចាំថា ទិវាមួយនេះពុំមែនជាថ្ងៃ ដែលយុវតីមួយចំនួន ត្រូវបរិច្ចាគខ្លួនប្រាណ ដើម្បីបញ្ជាក់ពីការស្រឡាញ់ លើគូសង្សារឡើយ។ យើងអាចបង្ហាញសេចក្តីស្រឡាញ់បាន តាមរយៈឪពុក ម្តាយ បងប្អូន មិត្តភក្តិ លោកគ្រូអ្នកគ្រូ និងមនុស្សនៅជុំវិញខ្លួនយើង តាមរយៈការជូនវត្ថុអនុស្សាវរីយ៍ ឬការញ៉ាំអាហារជួបជុំគ្នាក៏បាន!»

រីឯតារាសម្តែងប្រុសល្បីឈ្មោះ និងសកម្មលើការងារសង្គម លោក សាវិន ហ្វីលីព ក៏បានបង្ហាញពីចំណាប់អារម្មណ៍ដែរថា «ខ្ញុំមានបំណងចង់ឲ្យប្រជាជនកម្ពុជា និងយុវវ័យទាំងអស់ ទៅធ្វើការបរិច្ចាគឈាម នាថ្ងៃទី១៤ កុម្ភៈនេះ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស (យើងអាចហៅថា ការបរិច្ចាគឈាម ដើម្បីសេចក្តីស្រឡាញ់ថ្ងៃទី ១៤ កុម្ភៈ) ប្រសើរជាងការនាំគ្នា ស៊ីផឹកឬនាំគ្នាបរិច្ចាគខ្លួនប្រាណ ក្នុងថ្ងៃនេះ។ ម្យ៉ាងទៀតពួកគេ គួរយកថ្ងៃទី១៤ កុម្ភៈនេះ មកចំណាយពេលជាមួយក្រុមគ្រួសារ ឬឪពុកម្តាយរបស់ពួកគេវិញ ទើបជាការប្រសើរ!»

ជាមួយគ្នានេះដែរ តារាចម្រៀងប្រុស លោក ជុំ លីណូ ក៏បានបញ្ចេញមតិខ្លះៗដែរថា «ចំពោះខ្ញុំគិតថាថ្ងៃ ១៤ កុម្ភៈ ជាទិវានៃសេចក្តីស្រឡាញ់នេះ ជាបុណ្យរបរទេសដូច្នេះ សូមឲ្យយុវវ័យខ្មែរគ្រប់រូបត្រូវយកឲ្យច្បាស់ លើករណីនេះ។ ដូច្នេះស្នើរឲ្យពួកគាត់ កុំយល់ច្រឡំ ដោយយកទិវាមួយនេះ លះបង់ខ្លួនប្រាណ ដើម្បីតែកាដូរបន្តិចបន្តូច ឬនាំគ្នាដើរលេងបំផ្លាញអនាគតខ្លួន ពិសេសរយុវតីតែម្តង!»



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sok Pisey