សុខភាព ៖ មិត្ដនារីនឹងបាននូវស្បែកស្រស់ស្អាតទន់រលោង បាត់ភាពជ្រីវជ្រួញ និងក្មេងជាងវ័យដោយមិនបាច់ប្រើផលិតផលថ្លៃៗ គឺគ្រាន់តែទាញយកផលប្រយោជន៍ងាយៗ ពីផ្លែឈើធម្មជាតិ និងអនុវត្ដតាមវិធីណែនាំដូចខាងក្រោមនេះជាការស្រេច៖
ក្រូចឆ្មារ៖ វីតាមីន C ដែមានវត្ដមាននៅក្នុងក្រូចឆ្មារ គឺជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏ខ្លាំងក្លាបំផុតក្នុងការជំនួយដល់សុខភាពរបស់ស្បែក។ ក្រៅពីនេះសកម្មភាពខាត់ជម្រះស្បែកឱ្យសរបស់វា មានប្រសិទ្ធភាពអស្ចារ្យក្នុងការជម្រះចោលនូវស្នាមធ្វើឱ្យចាស់ និងអាចម៍រុយ។ សូមច្របាច់យកទឹកពីក្រូចឆ្មារមួយផ្លែ និងលាបទៅលើស្បែក ហើយទុកវាឱ្យបាន ១៥នាទីជារៀងរាល់ថ្ងៃ បន្ទាប់មកលាងជម្រះដោយទឹកធម្មតាដោយមិនប្រើសាប៊ូ។ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ សូមលាយទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ និងគ្រីមទឹកដោះគោកន្លះស្លាបព្រាកាហ្វេព្រមទាំង ស៊ុតចំណែកសមួយស្លាបព្រាកាហ្វេ។ លាយគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នា និងលាបលើផ្ទៃមុខរបស់អ្នក ក្រោយរយៈពេល ១៥នាទី លាងជម្រះដោយទឹកត្រជាក់។ ទឹកក្រូចឆ្មារលាយបញ្ចូលគ្នាជាមួយទឹកឃ្មុំ ក៏ជាវិធីព្យាបាលបែបធម្មជាតិដ៏មានប្រសិទ្ធភាព សម្រាប់ស្បែកជ្រីវជ្រួញផងដែរ ពីព្រោះទឹកឃ្មុំមានផ្ទុកនូវធាតុសកម្មសម្រាប់បំប៉នស្បែក។ សូមលាយ ទឹកឃ្មុំ និងទឹកក្រូចឆ្មារក្នុងមួយចំណែក ១ស្លាបព្រាកាហ្វេស្មើៗគ្នា ហើយម៉ាស្សាទៅលើស្បែករបស់អ្នក។ ទុកវាចោលឱ្យបាន ២០នាទី បន្ទាប់មកលាងជម្រះដោយទឹកក្ដៅឧណ្ហៗ។
ដូង៖ ដូងគឺជាវត្ថុដ៏មានតម្លៃអស្ចារ្យ នៃវីតាមីន និងសារធាតុរ៉ែ។ លើសពីនេះទៀតវាក៏មានសមត្ថភាពផ្ដល់សំណើមដល់ស្បែករបស់អ្នក និងរក្សាស្បែកឱ្យទន់រលោង និងក្មេងជាងវ័យផងដែរ។ កោសយកសាច់ដូងស្រស់ៗ ហើយច្របាច់វាដើម្បីចម្រាញ់យកខ្ទិះ។ លាបខ្ទះដូងទៅលើផ្ទៃមុខរបស់អ្នក ហើយទុកវាឱ្យបាន ២០នាទី បន្ទាប់មកលាងជម្រះវាចេញដោយទឹកក្ដៅឧណ្ហៗ។
ល្ហុងទុំ៖ អ្នកប្រហែលជាធ្លាប់ដឹងថាល្ហុងនេះ គឺមានប្រយោជន៍ប្រសើរសម្រាប់សុខភាពភ្នែក ដោយសារវាមានផ្ទុកនូវវីតាមីន A ច្រើន។ ហេតុផលស្រដៀងគ្នាបញ្ជាក់ថា ល្ហុងមានផ្ទុកធាតុសកម្ម នៃសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ហើយហេតុផលនេះនាំឱ្យវាល្អប្រសើរសម្រាប់ស្បែករបស់អ្នកផងដែរ។ ក្រៅពីនេះ អង់ហ្ស៊ីមឈ្មោះដា Papain នៅក្នុងល្ហុងអាចរំលាយចោលនូវកោសិកាខូច នៅលើផ្ទៃស្បែករបស់អ្នក និងនាំឱ្យស្បែករបស់អ្នករលាស់បានល្អ និងទន់រលោង។ សូមផលិតម៉ាស់បិទមុខពីល្ហុង ដោយការកាត់ល្ហុងទុំពីរបីដុំ ហើយកិនឱ្យវាក្លាយជាល្បាយម៉ត់ខៃ។ ប៉ាតម៉ាស់នោះ លើមុខរបស់អ្នក ហើយក្រោយរយៈពេល ១៥នាទី លាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ។
ទឹកផ្កាកូលាប៖ ទឹកផ្កាកូលាបគឺជាភ្នាក់ងារលាងជម្រះដ៏ពូកែ និងជួយជម្រះចោលធូលី ដែលកកនៅលើរន្ធញើស នៃស្បែក។ លើសពីនេះទៀត វាមានផ្ទុកធាតុសកម្មដ៏ស្វិតស្វាញ ដែលជួយបន្ដឹងស្បែកឱ្យតឹងណែនល្អ ប្រសិទ្ធភាពនេះជួយផ្ដល់ឱ្យស្បែកនូវភាពរលោង និងកាត់បន្ថយនូវការប៉ោងនៅក្រោមភ្នែក។ លាយទឹកផ្កាកូលាបពីរស្លាបព្រាកាហ្វេ ជាមួយនឹង ទឹកគ្លីសេរីន ៣ ទៅ៤ ដំណក់ ព្រមទាំងទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ។ លាបនូវទឹកលាយផ្សំនេះ ទៅលើមុខរបស់អ្នកដោយប្រើសំឡីរៀងរាល់យប់ មុនពេលចូលគេង។ ឬអ្នកអាចច្នៃធ្វើថ្នាំលាបមុខ ដោយការលាយទឹកផ្កាកូលាបមួយស្លាបព្រាកាហ្វេ ជាមួយនឹង ទឹកដោះខាប់មួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេដូចគ្នា។ យកល្បាយលាយផ្សំនេះ ទៅលាយជាមួយ ចេកទុំកិនម៉ត់ ហើយលាបទៅលើផ្ទៃមុខរបស់អ្នក ក្រោយរយៈពេល ២០ នាទីលាងជម្រះវាដោយទឹកត្រជាក់។
ត្រសក់៖ ត្រសក់មានប្រសិទ្ធភាព ជួយកាត់បន្ថយស្នាមដក់ក្រោមភ្នែក និងរង្វង់ខ្មៅក្រោមភ្នែក។ លើសពីនេះ វាមានផ្ទុកធាតុសកម្មបំប៉ន ដែលអាចរក្សាស្បែកឱ្យមានសុខភាពល្អ។ ទឹកដោះខាប់ មានផ្ទុកនូវអាស៊ីដឡាទីក ដែលមានគុណសម្បត្ដិ កម្ចាត់ចោលនូវកោសិកាស្បែកងាប់ ប្រសិទ្ធភាពនេះជួយឱ្យស្បែកក្មេងជាងវ័យ។ រៀបចំនូវម៉ាស់បិទមុខនេះ ដោយលាយទឹកដោះខាប់កន្លះពែង ជាមួយសាច់ត្រសក់ ដែលកោសរួចពីរស្លាបព្រាកាហ្វេ ហើយលាបល្បាយនេះទៅលើស្បែករបស់អ្នក។ ក្រោយរយៈពេល ២០នាទី លាងជម្រះវាជាមួយនឹងទឹកក្ដៅឧណ្ហៗ។ ការប្រើល្បាយបិទមុខនេះពីរដងក្នុងមួយសប្ដាហ៍ រយៈពេលពីរ ឬបីខែនឹងជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងក្មេងជាងវ័យ៕
ប្រែសម្រួល ៖ ដេវីដ
ប្រភព ៖ thehealthsite.com