CamNews

កីឡាជាតិ 

ក្លឹបបឹងកេត នាំចូលខ្សែប្រយុទ្ធ​ប្រេស៊ីលម្នាក់ ក្រោយការ​ចាកចេញរបស់ ចាន់ វឌ្ឍនាកា

(ភ្នំពេញ)៖ ទន្ទឹមនឹងការប្រកាសផ្ទេរខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន ចាន់ វឌ្ឍនាកា ទៅក្លឹប Fujieda របស់ជប៉ុន ក្លឹប បឹងកេត អង្គរ បានប្រកាសនាំចូលខ្សែប្រយុទ្ធប្រេស៊ីលម្នាក់ភ្លាមៗ គឺកីឡាករ Silva Calijuri Maycon Rogerio មកជំនួសតំណែងរបស់កីឡាករ​ជំនាញជើងឆ្វេងខាងលើ ដើម្បីត្រៀមប្រកួតវគ្គ Play-Off នៃពានរង្វាន់ AFC Cup 2017 និងលីគកំពូលនាពេលខាងមុខ។

គួរបញ្ជាក់ថា មុនផ្លាស់មកលេងឲ្យបឹងកេត ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ធ្លាប់បានប្រកបអាជីពបាល់ទាត់នៅប្រទេសជាច្រើននៅអឺរ៉ុប និងអាស៊ី ខណៈចុងក្រោយលេងឲ្យក្លឹប Persatuan Balikpapan នៃលីគកំពូលម៉ាឡេស៊ី។ ចំណែកការឈានជើងមកប្រកបអាជីពនៅកម្ពុជាវិញ ក្លឹបបឹងកេតអង្គរ រំពឹងថា គេនឹងធ្វើឲ្យបានល្អ នៅក្នុងយុទ្ធនាការប្រកួតជើងឯកជាតិ និងអន្ដរជាតិ ក្នុងឆ្នាំ២០១៧នេះ។

ក្រោយចូលរួមជាមួយបឹងកេត Calijuri Maycon បាននិយាយថា «ខ្ញុំរីករាយជាទីបំផុត ដែលបានចុះហត្ថលេខាជាមួយក្លឹប​ដ៏ល្អនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងសម្រេចបាននូវលទ្ធផលវិជ្ជមានសម្រាប់រដូវកាលនេះ ហើយខ្ញុំសូមអរគុណដល់ក្លឹប ដែលផ្ដល់​សេចក្ដីទុកចិត្តលើរូបខ្ញុំ។ សម្រាប់អ្នកគាំទ្រទាំងអស់គ្នាវិញ ខ្ញុំរំពឹងថា នឹងធ្វើឲ្យអ្នករាល់គ្នារីករាយជាមួយនឹង លទ្ធផលដ៏អស្ចារ្យនៅ​លើទីលានប្រកួត»



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Beoung Ket Angkor