CamNews

សុខភាព 

វិធីធម្មជាតិ ដើម្បីបំបាត់អាការៈឈឺបំពង់ក

អាការៈឈឺបំពង់ក គឺជាបញ្ហាវេជ្ជសាស្រ្ដដ៏សាមញ្ញមួយ ដែលបង្កឡើងដោយការរលាកបំពង់អាហារផ្នែកខាងលើ។ បាក់តេរី ប្រភេទ Streptococcus បង្កជាការលាកនៅត្រង់បំពង់អាហារខាងលើ ដោយបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំងក្នុងបំពង់ក។ មនុស្ស ដែលរងវិបត្ដិពីអាការៈឈឺបំពង់កអាចអាចជួបប្រទះអាការៈឈឺក្នុងកម្រិតល្មម រហូតដល់កម្រិតស្រួចស្រាវនៅក្នុងបំពង់ក ខណៈពេលពិសាទឹក និងលេបអាហារចូលទៅ ហើយតែងកើតព្រមជាមួយអាការៈគ្រុនក្ដៅ។ ម្យ៉ាងទៀត ការរលាកបំពង់អាមីដាល់ក៏បណ្ដាលឱ្យឈឺបំពង់កដែរ។ ការធ្លាក់ចុះប្រព័ន្ធស៊ាំរបស់រាងកាយភ្លាមៗ អាចធ្វើឱ្យរាងកាយងាយឆ្លងនូវបាក់តេរី  ជាកុមារងាយនឹងរងការប៉ះពាល់បំផុត។ ខាងក្រោមនេះ យើងសូមណែនាំនូវវិធីធម្មជាតិ ដើម្បីព្យាបាលអាការៈឈឺបំពង់កឱ្យធូរស្រាល៖

ពិសាទឹកក្ដៅឧណ្ហៗ៖ ការពិសាទឹក កាហ្វេ ឬទឹកតែក្ដៅឧណ្ហៗ ត្រូវបានគេចាត់ទុកថាជា វិធីព្យាបាលបែបធម្មជាតិនូវអាការៈឈឺបំពង់កដ៏មានប្រសិទ្ធភាពបំផុត។  ពោលគឺទឹកក្ដៅឧណ្ហៗនេះ មានប្រសិទ្ធភាពធ្វើឱ្យបាត់ការឈឺចាប់នៅក្នុងបំពង់ក។ យោងតាមជំនឿពីបុរាណបានឱ្យដឹងថា ធាតុរាវក្ដៅឧណ្ហៗ ជំនួយដល់ការធ្វើឱ្យមានសំណើមឡើងវិញនូវភ្នាសរំអិលដែលស្ងួតនៅក្នុងបំពង់ក និងជួយឱ្យធូរស្រាលអាការៈឈឺបំពង់កនេះ។ ភេសជ្ជៈក្ដៅឧណ្ហៗដូចជា តែរុក្ខឱសថ កាហ្វេ ស៊ុបមាន់ និងទឹកក្ដៅឧណ្ហៗលាយជាមួយក្រូចឆ្មារ និងទឹកឃ្មុំត្រូវបានគេចាត់ទុកថាជាជម្រើសដ៏ប្រសើរដើម្បីបន្ថយការលាក នៅក្នុងបំពង់ក។

ខ្ពុលមាត់ជាមួយទឹកអំបិលក្ដៅឧណ្ហៗ៖ ការខ្ពុលមាត់ជាមួយទឹកអំបិល អាចផ្ដល់នូវដំណោះស្រាយដ៏ប្រសើរបំផុតក្នុងការកាត់បន្ថយអាការៈឈឺបំពង់ក។ ការខ្ពុលមាត់ជាមួយនឹងទឹកអំបិលក្ដៅឧណ្ហៗ មានប្រសិទ្ធភាពកាត់បន្ថយការរលាក និងការឈឺចាប់នៅក្នុងបំពង់ក និងប្រយុទ្ធប្រឆាំងនឹងការឆ្លងរោគផងដែរ។ ការខ្ពុលមាត់ដោយទឹកអំបិលនេះគួរតែត្រូវបានអនុវត្ដ ៣ ទៅ៤ ដងក្នុងមួយថ្ងៃអាស្រ័យទៅលើកម្រិតធ្ងន់ស្រាលនៃអាការៈ ដើម្បីឱ្យធូរស្រាលពីអាការៈឈឺចាប់បានរហ័ស។ សូមដាក់បន្ថែមអំបិល កន្លះស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្ដៅឧណ្ហៗមួយពែងពេញ។

ខ្ញី៖ ការប្រើខ្ញីគឺជា វិធីព្យាបាលអាការៈឈឺបំពង់កដ៏ពេញនិយមមួយ។ សូមទំពារខ្ញីពីរ ឬបីដុំនៅពេលថ្ងៃ ឬពិសាទឹកតែពីរ ឬបីពែងដើម្បីឱ្យអាការៈឈឺបំពង់កឆាប់ជាសះស្បើយ។ អ្នកអាចដាក់បន្ថែមទឹកឃ្មុំពីរ ឬបីដំណក់ទៅក្នុងទឹកតែខ្ញី ដើម្បីឱ្យមានរសជាតិឆ្ងាញ់៕



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ onlymyhealth


Tags: Health news