CamNews

តន្រ្តី 

កូនអភិបាល​ខេត្ត​មណ្ឌលគិរី បដិ​សេធ​ថា មិន​បាន​អញ្ជើញ​ក្រុម​តន្រ្តី​​ ហ៊ឹម សុភី ទៅ​ប្រគំ​កំដរ​ពិធី​ជប់

(មណ្ឌលគិរី)៖ កូនប្រុសលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីទើបឡើងកាន់តំណែង បានចេញច្រានចោល និងបដិសេធថា មិនបានអញ្ជើញក្រុមតន្រ្តីរបស់លោកគ្រូ «ចេវ» ដែលជួបគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តនៅស្រុកអូររាំងកាលពីម្សិលមិញ ទៅប្រគំកំដរក្នុងពិធីជប់លៀងឡើងកាន់តំណែងឪពុករបស់ខ្លួននោះឡើយ។

លោក យ៉ត កូនរបស់លោកអភិបាលខេត្តមណ្ឌលគិរី ដែលឡើងកាន់តំណែងនៅថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញនេះ បានបញ្ជាក់ប្រាប់ Fresh News នៅសៀលថ្ងៃទី១៩ ខែកុម្ភៈ នេះថា ក្រុមតន្រ្តីរបស់លោកគ្រូ «ចេវ» ទៅខេត្តមណ្ឌលគិរី តាមការអញ្ជើញរបស់លោក ហួត ធែល អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត និង ជាបងប្រុសរបស់លោកគ្រូ «ចេវ» ហើយក៏មិនដឹងថា ទៅប្រគំនៅទីណានោះឡើយ។

លោក យ៉ត បន្តថា សម្រាប់ការរៀបចំពិធីស្រស់ស្រូបអាហាររួមគ្នានៅក្រោយការប្រកាសតំណែងជាអភិបាលខេត្ត របស់ឪពុកខ្លួន បានធ្វើឡើងនៅផ្ទះសំណាក់ «ពេជ្រដា» ហើយចាក់ធុងបាស់កំដរកម្មវិធីតែប៉ុណ្ណោះ មិនបានអញ្ជើញក្រុមតន្រ្តីណានោះឡើយ។

សូមបញ្ជាក់ថា គ្រូភ្លេងនៅសាកលវិទ្យាល័យវិចិត្រសិល្បៈ និង ជាអ្នកកូដវីយូឡុងដ៏ល្បីនៅកម្ពុជា លោក ហួត លាភា ហៅ ចេវ និងភរិ យា រួមនិងក្រុមតន្រ្តី ៤រូបផ្សេងទៀត បានជួបគ្រោះថ្នាក់លើកំណាត់ផ្លូវឆ្ពោះទៅខេត្តមណ្ឌលគិរី ត្រង់គីឡូម៉ែត្រលេខ៨៩ និងលេខ៩០ ក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅម៉ោងប្រមាណ៣រសៀលថ្ងៃទី១៨ ខែកុម្ភៈ។

គ្រោះថ្នាក់នេះ បណ្តលឲ្យលោកគ្រូ «ចេវ» បាក់ឆ្អឹងខ្នង និង ឆ្អឹងត្រកៀក រីឯលោក ចៅ ពេជ្រ ជាអ្នកលេងហ្គីតា និង ច្រៀងផងនោះបាក់ឆ្អឹងដងកំបិត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ដោយឡែកអ្នករួមដំណើរ ៤នាក់ផ្សេងទៀត ជាអ្នកចុចអក អ្នកចម្រៀង និង ភរិយាលោកគ្រូ «ចេវ» មិនរងរបួសធ្ងន់ធ្ងរនោះឡើយ។

បុរសអ្នកលេងអក ដែលបានស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បានបញ្ជាក់ប្រាប់ Khmertalking ក្រុមតន្រ្តីរបស់គាត់ពិតជាត្រូវទៅ ប្រគំកំដរពិធីជប់លៀងឡើងកាន់តំណែងរបស់លោកអភិបាលខេត្ត តែត្រូវបានអញ្ជើញដោយលោក ហួត ធែល បងប្រុសរបស់លោក គ្រូ «ចេវ»។ បុរសរូបនេះ បានអះអាងបញ្ជាក់ថា ក្រុមរបស់លោកពិតជាមិនត្រូវបានអញ្ជើញដោយលោកអភិបាលខេត្ត ស្វាយ សំអ៊ាង នោះឡើយ៕

- អាន ៖ តារាចម្រៀង ហ៊ឹម សុភី, លោក​គ្រូ​ចេវ និង​ក្រុម​តន្រ្តី​ ជួប​គ្រោះ​ថ្នាក់​ចរាចរ ​ក្រឡាប់​រថយន្ត​របួស​..

 

ក្រុមតន្រ្តីទៅប្រគំអបអរសាទរ ការឡើងកាន់តំណែងអភិបាលខេត្តមណ្ឌលគិរី ជួបគ្រោះក្រឡាប់រថយន្តរបស់ធ្ងន់ពីរនាក់។ http://www.freshnewsasia.com/index.php/en/18263-2016-02-18-12-40-35.html

Posted by Fresh News on Thursday, 18 February 2016


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh