CamNews

ព័ត៌មានអន្តរជាតិ 

មិនស្រួលទេ! «កូនប្រុសលោក Kim Jong Nam ចង់ឈប់រៀនថ្នាក់អនុបណ្ឌិត ព្រោះខ្លាចគេលួចធ្វើឃាតដូចឪពុក!»

(ឡុងដ៏)៖ កូនប្រុស​របស់លោក គីម ជុងណាំ គឺលោក គីម ហាន់ សូល (Kim Han -sol) ទំនងជា​អាចនឹង​បោះបង់ចោល​គំរោងសិក្សា​បន្តយក​ថា្នក់​អនុបណ្ឌិត នៅឯសកល​វិទ្យាល័យ Oxford ប្រទេស​អង់គ្លេស​ដោយសារ​តែខ្លាច​មានវាសនាដូចឪពុក​របស់ខ្លួន ដែលត្រូវគេធ្វើឃាតនៅព្រលាន​យន្ដហោះ​អន្តរជាតិ​ទីក្រុង​គូឡូឡាំពួរ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។




យោងតាម Daily Mail ​លោក គីម ហាន់សូល មានអាយុ​២១ឆ្នាំ មានគំរោង​បន្តការសិក្សាថ្នាក់​អនុបណ្ឌិតនៅ​សកលវិទ្យាល័យ Oxford នៅខែកញ្ញា​ខាងមុខនេះ ជាមួយនឹង​មិត្តស្រី។ ក៏ប៉ុន្តែលោក​អាចនឹងបោះបង់​ចោលគំរោង​នេះ បន្ទាប់ពី​មន្ត្រី​សន្តិសុខចិន​ជាច្រើន​នាក់ បាន​ព្រមានថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ចង់សម្លាប់​លោក និងឪពុក​របស់លោក ដើម្បីលុប​បំបាត់​ពូជពង្ស គីម ជុងណាំ។ មួយវិញទៀតលោក និងមា្ដយឈ្មោះ រី ហ៊ីឃ្យុង (Ri Hye Kyong) និងប្អូនស្រី សូល ហ៊ុយ (Sol Hui) អាយុ១៨ឆ្នាំ បានស្ថិតនៅ​ក្រោមការយាមកាម​យ៉ាងតឹងរ៉ឹង ពីក្រុមមន្ត្រី​សន្តិសុខចិន​នៅកន្លែងស្នាក់​នៅមួយក្នុង​ទីក្រុងម៉ាកាវ អស់រយៈពេលជាងបី​ខែមកហើយ។



គួរបញ្ជាក់ថា លោក គីម ហាន់សូល បានបញ្ចប់ការ​សិក្សាផ្នែកវិទ្យាសាស្ត្រ​នៃកម្មវិធី Euro-Asia​ ក្នុងទីក្រុង ​Havre ប្រទេសបារំាង​កាលពី​ឆ្នាំ២០១៥-​២០១៦ហើយលោក និងឪពុករបស់លោកក៏ធា្លប់​ទទួលបាន​ការប្រឹក្សា​យោបល់ផងដែរ មិនឱ្យចាកចេញ​ពីទីក្រុងម៉ាកាវ ឬក៏ប្រទេសចិន​ជាដាច់ខាត៕



ប្រភព ៖ ដេលីម៉ែល


Tags: North korea South korea Kim Jong Un Kim jong nam