អ្នកនាំពាក្យនៃបណ្ឌិតសភាទន្ដសាស្រ្ដទូទៅ គឺលោក Steven A. DDS, FAGD បានផ្ដល់អនុសាសន៍ស្ដីអំពីវិធីថែរក្សាស្នាមញញឹមរបស់អ្នកឱ្យមានសុខភាពល្អ និងស្រស់ស្អាត ដោយការចៀសវាងទម្លាប់អាក្រក់ទាំង ៥យ៉ាងខាងក្រោមនេះ៖
១. មិនសម្អាតធ្មេញដោយអំបោះ(not flossing)៖ ការដុសធ្មេញពីរដងក្នុងមួយថ្ងៃ គឺជារឿងសំខាន់ ក៏ប៉ុន្ដែអ្នកជំងឺភាគច្រើនមិនបានកត់សម្គាល់ថា ការសម្អាតធ្មេញដោយអំបោះយ៉ាងតិចម្ដងក្នុងមួយថ្ងៃ ក៏ជារឿងដែលត្រូវចិត្ដទុកដាក់បំផុតដើម្បីឱ្យសម្រេចបាន និងរក្សាស្នាមញញឹមឱ្យស្រស់ស្អាតប្រកបដោយសុខភាពល្អផងដែរ។ ការសម្អាតធ្មេញដោយអំបោះ អាចជម្រះចោលនូវបាក់តេរីបណ្ដាលឱ្យពុកធ្មេញ បន្សល់ពីកាកសំណល់អាហារ ដែលជាប់កកនៅចន្លោះធ្មេញ។ លោកទន្ដបណ្ឌិត Ghareeb បានមានប្រសាសន៍ថា ៖“ ទោះបីជាការហូរឈាម និងការក្រហាយអាចកើតមានពេល ដែលអ្នកសម្អាតគ្រាដំបូងក៏ដោយ ប៉ុន្ដែវានៅតែជារឿងសំខាន់ ដែលអ្នកត្រូវអនុវត្ដការសម្អាតនេះឱ្យបានខ្ជាប់ខ្ជួន។ អញ្ចាញរបស់អ្នក នឹងស្វឹតមាំ ហើយសុខភាពមាត់ធ្មេញរបស់អ្នក នឹងកាន់តែប្រសើរឡើងសម្រាប់ការសម្អាតដោយប្រើអំបោះនេះ”។
២. ដុសធ្មេញភ្លាមៗក្រោយការពិសាអាហារ៖ ការពិសាប្រភេទអាហារ និងភេសជ្ជៈសម្បូរជាតិអាស៊ីដ ដូចជាភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈសម្រាប់លេងកីឡា ផ្លែឈើជូរ ស្រាទំពាំងបាយជូរ និងប៉េងប៉ោះ អាចធ្វើឱ្យសឹកកាចាធ្មេញ ដែលជាស្រទាប់ខាងក្រៅយ៉ាងរលោងនៃធ្មេញ។ ការដុសធ្មេញភ្លាមៗក្រោយការពិសា អាហារ និងភេសជ្ជៈទាំងនេះ អាចបណ្ដាលឱ្យខូចខាតធ្មេញកាន់តែខ្លាំង ពីព្រោះអ្នកកំពុងតែដុសជាតិអាស៊ីដចូលទៅក្នុងធ្មេញរបស់អ្នកហើយ ដោយមិនអាចចៀសផុតបាន។ ជំនួសមកវិញ អ្នកគួរខ្ពុរមាត់របស់អ្នកជាមួយនឹងទឹកក្រោយការពិសា អាហារ និងភេសជ្ជៈ ដែលសម្បូរជាតិអាស៊ីដទាំងនេះ ហើយត្រូវរង់ចាំយ៉ាងតិចឱ្យបានកន្លះម៉ោង មុនពេលដុសសម្អាតធ្មេញរបស់អ្នក។
៣. មិនបានធ្វើការផ្លាស់ប្ដូរច្រាសដុសធ្មេញឱ្យបានញឹកញាប់៖ ច្រាសដុសធ្មេញចាស់ មិនត្រឹមតែគ្មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងកកនូវបាក់តេរី ដែលបណ្ដាលឱ្យកើតរោគក្នុងធ្មេញទៀតផង។ លោកទន្តបណ្ឌិត Ghareeb មានប្រសាសន៍ថា៖ ”ច្រាសដុសធ្មេញគួរតែត្រូវបានផ្លាស់ប្ដូររៀងរាល់ ៣ ខែ ទៅ ៤ ខែម្ដង។ ម្យ៉ាងទៀតវាក៏ជារឿងសំខាន់ ដែលអ្នកត្រូវផ្លាស់ប្ដូរច្រាសដុសធ្មេញ ក្រោយពីជាសះស្បើយពីជំងឺគ្រុនផ្ដាសាយផងដែរ”។
៤. ខាត់ធ្មេញច្រើនហួសហេតុពេក៖ ការខាត់ធ្មេញច្រើនហួសហេតុពេក អាចធ្វើឱ្យធ្មេញមើលទៅសហួសពីលក្ខណៈធម្មជាតិ និងបង្កើនការស្រៀវធ្មេញ។ មុនពេលអ្នកប្រើផលិតផលខាត់ធ្មេញនៅឯផ្ទះ សូមអ្នកធ្វើការប្រឹក្សាជាមួយទន្ដបណ្ឌិតរបស់អ្នកជាមុនសិន។ ទន្ដបណ្ឌិត Ghareeb មានប្រសាសន៍ថា៖ ”ទន្ដបណ្ឌិតអាចផ្ដល់អនុសាសន៍ដល់អ្នកអំពីការប្រើប្រាស់ផលិតផលទាំងនេះឱ្យបានសមស្រប និងប្រាប់អ្នកថា តើប្រព័ន្ធខាត់ធ្មេញប្រភេទណា នឹងផ្ដល់លទ្ធផលគាប់ប្រសើរសម្រាប់អ្នក”។
៥. ប្រើច្រាសដុសធ្មេញ ដែលមានសរសៃរឹង៖ ច្រាសដែលមានសរសៃរឹង បូករួមទាំងទិកនិកដុសធ្មេញយ៉ាងកម្រោលទៀតនោះ អាចបណ្ដាលឱ្យខូចអញ្ចាញយ៉ាងក្រៃលែង។ សូមប្រើប្រាស់ច្រាសដុសធ្មេញដែលមានសរសៃទន់ និងត្រូវដុសធ្មេញរបស់អ្នកថ្នមៗ នៅក្នុងមុំ ៤៥ ដឺក្រេដោយលក្ខណៈរង្វង់មូល។ ការដុសធ្មេញទៅមុខ ទៅក្រោយ តាមលក្ខណៈដូចរណាអារឈើអាចបណ្ដាលឱ្យអញ្ចាញស្រកចុះ និងធ្វើឱ្យប៉ះពាល់ដល់រឬសធ្មេញ ដែលធ្វើឱ្យសៀវធ្មេញយ៉ាងខ្លាំង ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ livestrong