(វ៉ាស៊ីនតោន)៖ មន្ត្រីមួយរូបមកពីរដ្ឋ West Virginia លោកស្រី Pamela Ramsey Taylor បានបាត់បង់ការងារភ្លាមៗបន្ទាប់ពីខ្លួនបានបង្ហាះសារបែបរើសអើងទៅលើលោកស្រី Michelle Obama ដោយបានធ្វើឱ្យមានប្រតិកម្មរិះគន់យ៉ាងខ្លំាង និងចែករំលែកបន្តរាប់រយដងនៅលើ Facebook មុននឹងការបង្ហោះរបៀបមាក់ងាយនោះត្រូវបានលុបចោលវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន SkyNews នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមអភិបាលក្រុង Clay លោក Beverly Whaling បន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិក លោកស្រី Pamela Ramsey Taylor ដែលជានាយកសមាគមមិនយកប្រាក់កំរៃ Clay Development Corporation បានធ្វើការប្រៀបធៀបរវាង លោកស្រី Michelle Obama និង លោកស្រី Melania Trump ដោយសរសេរនៅលើ Facebook ផ្ទាល់ខ្លួនដូច្នេះថា «វានឹងមានអារម្មណ៍ស្រស់ថ្លានៅពេលស្រ្តីដ៏ស្រស់ស្អាត និងថ្លៃថ្នូរម្នាក់ (លោកស្រី Melania Trump) ក្លាយជាស្ត្រីទីមួយនៅសេតវិមាន ហើយខ្ញុំពិតជាធុញទ្រាន់ដែលបានឃើញសត្វស្វា (លោកស្រី Michelle Obama) មួយក្បាលពាក់ស្បែកជើងកែងណាស់»។
គួរបញ្ជាក់ថាបន្ទាប់ពីមានការរិះគន់ជាច្រើន លោកស្រី Pamela Ramsey Taylor បានសម្រេចចិត្តលាលែងពីមុខដំណែង ប៉ុន្តែលោកស្រីនៅតែប្រកែកតវ៉ាចំពោះពាក្យចោទប្រកាន់ទាំងឡាយនោះថា លោកស្រីមិនបានរើសអើងជាតិសាសន៍នោះទេ ចំពោះភរិយាប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលជាជនជាតិស្បែកខ្មៅ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង