CamNews

តារា 

តុលាការអាចនឹងកោះហៅ កញ្ញា សាសា ចូល​បំភ្លឺ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​បាត់​ដំបង

ភ្នំពេញ៖ បើទោះបីជារឿយៗ អតីតតារាសម្តែង និងជាពិធីការិនី កញ្ញាឯក សុជាតាហៅ សាសា ខំប្រឹងប្រែងចេញមុខច្រានចោលព័ត៌មាន រឿងបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបង ដោយអះអាងថា ជារថយន្ត របស់មិត្តភក្តិក៏ដោយ តែទីបំផុតការពិតត្រូវ បានលាតត្រដាងឡើង ដោយសារតែមិត្តភក្តិរបស់នាងពីរនាក់ បានឆ្លើយសារភាព នៅតុលាការខេត្តបាត់ដំបងថា នាងជាអ្នកបើករថយន្តទៅ បុកម៉ូតូរ៉ឺម៉ក់ដឹកទឹកកក កាលពីយប់ថ្ងៃទី២ សីហានោះ។ ក្រោយពីមានចម្លើយសារភាពបែបនេះ ត្រូវបានព្រះរាជអាជ្ញារង ខេត្តបាត់ដំបងអះអាងថា តារាស្រី កញ្ញា សាសា អាចនឹងត្រូវតុលាការកោះហៅ ឲ្យចូលបំភ្លឺពាក់ព័ន្ធរឿងនេះ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។

ជួបសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ ព្រះរាជអាជ្ញារងខេត្តបាត់ដំបង លោក តូច សុភក្តី បានថ្លែងឲ្យដឹងនៅ ព្រឹកថ្ងៃទី១៤ ខែសីហានេះថា កញ្ញា សាសា អាចប្រហែលនឹងមានការកោះហៅ ឲ្យមកបំភ្លឺជុំវិញរឿងគ្រោះថ្នាក់ចរាចរ នៅបាត់ដំបង បន្ទាប់ពីរូបលោកបានកោះហៅមិត្តភក្តិ ២នាក់ របស់ កញ្ញា សាសា សាកសួរព័ត៌មាន អំពីបញ្ហាគ្រោះថ្នាក់ខាងលើនេះរួចមក ។

ព្រះរាជអាជ្ញារង លោក តូច សុភក្តី បានថ្លែងបញ្ជាក់ថា រឿងសាកសួរព័ត៌មានមិត្តភក្តិ ២នាក់ របស់ សាសា តាមនីតិវិធីច្បាប់ លោកមិនអាចទម្លាយ ប្រាប់ឲ្យដឹងនៅពេលនេះទេ ហើយកញ្ញា សាសា ប្រហែលអាចនឹងកោះហៅ មកសាកសួរក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន ។

សូមជំរាបថា កញ្ញា សាសា អតីតពិធីការិនីទូរទស្សន៍ CTN និងមានរឿងប្តឹងផ្តល់ ដ៏ល្បីល្បាញជាមួយលោក សុខ ប៊ុន ត្រូវបានគេសង្ស័យថា បានបើករថយន្តស៊េរីទំនើប របស់នាងម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-7888 ទៅបុកអ្នកជិះម៉ូតូ សណ្ដោងរ៉ឺម៉កដឹកទឹកកក នៅវេលាម៉ោងជាង១១យប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីកញ្ញាសាសា ដែលរួមដំណើរ ជាមួយនារីម្នាក់ផង ចេញពីហាងផឹកស៊ីមួយកន្លែងយីហោតោ២ ។ ករណីនេះបានធ្វើឲ្យម្ចាស់ម៉ូតូឈ្មោះ ទុយ ម៉ោក ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសធ្ងន់ ។

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ មិនយូរឡើយ យុវជនមួយក្រុមជិះរថយន្តទំនើបៗ បានទៅជម្លៀស កញ្ញាសាសា និងមិត្តស្រីរបស់នាងម្នាក់ទៀត ចេញពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវ។ ហើយយុវជនម្នាក់ បានចេញមុខដោះស្រាយសំណង ជាមួយជនរងគ្រោះជំនួស កញ្ញា សាសា ដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធច្បាប់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh