រាងកាយរបស់យើងមានលក្ខណៈល្អប្រសើរខ្លាំងណាស់ក្នុងការចម្រុះជាតិពុលទៅក្រៅ ដែលយើងលេបចូលទៅជាមួយអាហារ ស្រូបចូលតាមរយៈការដកដង្ហើម ប៉ុន្ដែជួនកាលរាងកាយរបស់យើងក៏ត្រូវការជំនួយក្នុងការបណ្ដេញជាតិពុលខ្លះដែរ។ ខាងក្រោមនេះ យើងសូមណែនាំលោកអ្នកនូវវិធីមួយចំនួន ដើម្បីជំនួយដល់ការបណ្ដេញជាតិពុលពីរាងកាយ៖
១. ផ្ដាច់ចោលប្រភេទអាហារច្នៃពីរបបអាហារបស់អ្នក៖ ផ្លែឈើ បន្លែ ធញ្ញជាតិមិនច្នៃ និងប្រភេទសាច់សត្វមិនជាប់ខ្លាញ់ គួរតែជាប្រភេទអាហារ ដែលអ្នកត្រូវទទួលទាន។ ដោយការកាត់ផ្ដាច់ចោលប្រភេទអាហារច្នៃពីរបបអាហាររបស់អ្នក អ្នកក៏មានសមត្ថភាពកាត់បន្ថយជាតិខ្លាញ់ ជាតិសូដ្យូម និងជាតិស្ករពីរាងកាយរបស់អ្នកផងដែរ។ ប្រភេទអាហារមិនច្នៃ នឹងជួយសម្អាតរាងកាយរបស់អ្នក ព្រមទាំងជួយអ្នកឱ្យមានអារម្មណ៍ស្រឡះមុខមិនងងុយគេង និងមានភាពប្រុងជើងការ។
២. ពិសាទឹកតែបៃតង៖ តែបៃតងពោរពេញទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ដែលជួយពន្លឿនការបំប្លែងអាហារទៅជាថាមពលរបស់អ្នក។ ម្យ៉ាងទៀត វាជួយឱ្យអ្នកមិនខ្សោះជាតិទឹក និងជួយបង្ការជំងឺមួយចំនួនដូចជា ជំងឺគ្រុនផ្ដាសាយជាដើម។ ការពិសាទឹកតែបៃតងឱ្យបានម្ដងរាល់ថ្ងៃ អាចជួយឱ្យអ្នកទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្ដេញជាតិពុលពីរាងកាយ។
៣. បញ្ចេញញើស៖ ការធ្វើលំហាត់ប្រាណបន្ថែមដូចជាការហាត់ប្រាណសម្រួលដល់ចង្វាក់បេះដូងជាដើមនេះ ពិតជាផ្ដល់គុណយោជន៍អស្ចារ្យដល់រាងកាយរបស់អ្នក។ យើងទាំងអស់គ្នាបានជ្រាបរួចមកហើយថា លំហាត់ប្រាណគឺល្អប្រសើរសម្រាប់យើង ប៉ុន្ដែអ្វីដែលអ្នកមិនធ្លាប់ដឹងគឺថា វាជួយរាងកាយរបស់អ្នកបណ្ដេញជាតិពុលដោយខ្លួនឯង។ ការហូរញើស អាចបញ្ចេញចោលនូវសារធាតុពុល ព្រមទាំងធ្វើឱ្យជាតិពុលទាំងអស់នោះចេញផុតពីស្បែករបស់អ្នកផងដែរ។
៤. ពិសាទឹកឱ្យបានច្រើន៖ ទឹកអាចបញ្ចេញចោល ជាតិពុលពីរាងកាយ។ ដោយការពិសាទឹកច្រើន អ្នកអាចពន្លឿននូវដំណើរការបណ្ដេញជាតិពុលពីរាងកាយ។ ចំណុចនេះនាំឱ្យសម្រេចប្រយោជន៍ជាច្រើនដូចជា ធ្វើឱ្យស្បែកស្អាត និងធ្វើឱ្យចង្កេះស្ល៊ីមផងដែរ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព ៖ lifehack