CamNews

តារា 

មង្គលការ សេដ្ឋី គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន ផ្អើលស្រុកខ្មែរ

ភ្នំពេញ ៖ ពិធីមង្គលការ របស់មហាសេដ្ឋីស្រុកខ្មែរ គឺឧកញ៉ា គិត ម៉េង ជាមួយនឹងអតីតពិធីការិនីអ្នកនាង ស្រីតូច ចំណាន បានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នេះ ដោយមានការអញ្ជើញ ចូលរួមផ្តល់កិត្តិយស ពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន ហើយពិធីមង្គលការនេះ ក៏បង្កឲ្យមានការចាប់អារម្មណ៍ពីមជ្ឈ ដ្ឋានទូទៅ សូម្បីតែបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) នៅថ្ងៃទី១៩-២០ ខែមីនា នេះ ភាគច្រើនគេឃើញបង្ហោះ សុទ្ធតែរូបថត នៃពិធីរៀបមង្គលការនេះ ។

ថ្នាក់ដឹកនាំ ដែលគេឃើញអញ្ជើញចូលរួមផ្តល់កិត្តិយស នៅក្នុងពិធីមង្គលការ របស់ឧកញ៉ា គិត ម៉េង ខាងលើនេះ គេ ឃើញមានវត្តមានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្តេច កិត្តិយព្រឹទ្ធបណ្ឌិត រួមទាំងមន្រ្តីជាន់ខ្ពស់ ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំង បណ្តាពាណិជ្ជករជាច្រើនទៀតផងដែរ ។

ពិធីរៀបអាពាហ៍ពិពាហ៍ របស់មហាសេដ្ឋី គិត ម៉េង និងអ្នកនាងស្រីតូច ចំណាន ដែលមានរៀបចំពិធីជប់លៀងនៅ មជ្ឈមណ្ឌលកោះពេជ្រ ដែលតាមគម្រោងបានអញ្ជើញភ្ញៀវចូលរួមពិសារភោជនីហារប្រមាណ ៥០០តុ ដោយជួល អគារចំនួន៥អគារនោះ ដោយសារតែពិធីពិសារភោជនីហារខាងលើនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងភ្ញៀវអង្គ ទូត រួមទាំងឥស្សរជនល្បីៗជាច្រើននោះ កម្លាំងសន្តិសុខត្រូវបានគេដាក់ពង្រឹងដើម្បីរក្សាសន្តិសុខផងដែរ ។

តាមមន្រ្តីសមត្ថកិច្ច ដែលការពារសន្តិសុខមួយរូប បានបង្ហើបឲ្យដឹងថា ពិធីពិសារភោជនីអាហារ នៅក្នុងពិធីមង្គលការ របស់ឧកញ៉ា គិត ម៉េង ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចពង្រាយដាក់ការពារដែលរួមមាន កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល រួមមានទាំងរថយន្តពន្លត់អគ្គិភ័យ ហើយនៅច្រកចេញ-ចូល ដែលមានតែមួយ ត្រូវបានគេដាក់ម៉ាស៊ីន ស្គែនសុវត្ថិភាពផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh