CamNews

ព័ត៌មានជាតិ 

បេក្ខជនប្រឡង បាក់ឌុប កំពុង ភ័យបុកពោះ នឹងលទ្ធផល ដែលប្រកាស នៅថ្ងៃស្អែក

ភ្នំពេញ ៖ បេក្ខជន ប្រមាណជា៧០ភាគរយ កំពុងតែស្ថិតនៅក្នុង ស្ថានការណ៍ ព្រួយបារម្ភ ចំពោះលទ្ធផល ប្រឡងសញ្ញាបត្រទុតិយភូមិ ដែលក្រសួងអប់រំយុវជន និងកីឡា នឹងប្រកាស នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ស្អែកនេះ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយឡែក ៣០ភាគរយទៀតកំពុង តែសប្បាយ ចិត្តនឹងលទ្ធផលវិជ្ជមាន។

ក្រសួងអប់រំបានរកឃើញ ព័ត៌មានជាបឋមថា សិស្សបាក់ឌុបឆ្នាំនេះ ជាប់ក្នុង រង្វង់ ៣០ភាគរយ ពីសំណាក់លោកគ្រូអ្នកគ្រូ ធ្វើកំណែលើគ្រប់មុខវិជ្ជា។

ការប្រឡងបាក់ឌុបឆ្នាំនេះ ស្ថិតក្រោមកំណែទម្រង់ដ៏ស៊ីជម្រៅ របស់លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ មានការតឹងរឹងជាទី បំផុត និងដាក់វិធានការយ៉ាងម៉ឹងម៉ាត់ មិនឲ្យលួចយក កំណែតាមខ្លួន ឬលួចប្រយ៉ុង និងលួច មើលគ្នា នោះទេ ហើយក៏តាមដានត្រួតពិនិត្យ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នក សង្កេតការណ៍ ជាច្រើននាក់ផ្សេងទៀត។

យុវតីឈ្មោះ វុធ លីដា ដែលរស់នៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដែលបាន ប្រឡងនៅមណ្ឌលហ៊ុនសែន តាខ្មៅ បានឲ្យដឹងថា កញ្ញាក៏មិន ប្រាកដចំពោះលទ្ធផល នៃការប្រឡងនេះដែរ ព្រោះមានមុខវិជ្ជាខ្លះកញ្ញាធ្វើបានច្រើន និងខ្លះទៀតមិនសូវបានទេ ដែលជាហេតុធ្វើឲ្យកញ្ញាហាក់មិន ជឿជាក់ចំពោះលទ្ធផល ប្រឡងដែលត្រូវប្រកាសនៅថ្ងៃស្អែក។

កញ្ញាបន្តថា កាលប្រឡងមានការរឹតបន្តឹងជាខ្លាំ ងដោយមិនហ៊ានងាកមើលអ្នកណាឡើយ ក្រៅតែពីសមត្ថភាពខ្លួនឯងទាំងអស់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏កញ្ញាមានមោទន ភាពលើខ្លួនឯងដែរ ដោយសារតែការប្រឡងនេះពឹងលើសមត្ថភាពផ្ទាល់ខ្លួន។

ដោយសារតែចំនួនអ្នកប្រឡងបាក់ឌុបមានចំនួនអ្នកធ្លាក់ច្រើនតាមការរកឃើញរបស់ក្រសួងនោះ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតផ្តល់ឱកាស ឲ្យមានការប្រឡងលើកទី២ សំរាប់ បេក្ខជនមិនជាប់ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ខាងមុខ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា បានប្រព្រឹត្តទៅកាល ពីថ្ងៃទី៤-៥ ខែ សីហា ដោយ មានបេក្ខជនប្រឡង សរុបចំនួន ៩ម៉ឺន ៣ពាន់ ៤៥៦នាក់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh