នេះគឺជាគំនិតដ៏អស្ចារ្យមួយ! ជាងម៉ាស៊ីនម្នាក់ ជាជនជាតិប្រេហ្សីល ឈ្មោះ Alfredo Moser បានប្រើប្រាស់ដបជ័រដែលពេញដោយទឹក និងមានសារធាតុធ្វើឱ្យ.ស ព្រមជាមួយនឹងពន្លឺធម្មជាតិ ធ្វើឱ្យបន្ទប់ទាំងឡាយ ភ្លឺពេញមួយថ្ងៃ។
ការរកឃើញរបស់ Alfredo Moser នឹងត្រូវបានយកទៅអនុវត្តទៅលើផ្ទះជាងជាង ១លានខ្នង នៅចុងឆ្នាំនេះ ហើយលោកក៏មានការត្រេកអរចំពោះជីវភាពដែលនឹងត្រូវផ្លាស់ប្ដូរថ្មីរបស់ប្រជាជននៃបណ្ដាប្រទេសក្រីក្រក្នុងពិភពលោក ដែលនឹងបានប្រើប្រាស់គំនិតរបស់លោក។
ជាងម៉ាស៊ីនរូបនេះ បានរកឃើញគំនិតនេះ នៅពេលដែលផ្ទះរបស់លោកស្ថិតនៅក្នុងតំបន់ Uberaba ភាគខាងត្បូងប្រទេស ប្រេហ្សីល ត្រូវប្រឈមនឹងការដាច់ភ្លើងជាច្រើនម៉ោង រាល់ថ្ងៃ។
Alfredo Moser បានប្រើប្រាស់ដបជ័រទន់ ចាក់ទឹកពេញ និងមានដាក់សារធាតុធ្វើឱ្យស ដើម្បីបំភ្លឺបន្ទប់របស់លោក ចាប់តាំងពីឆ្នាំ ២០០២ ហើយបច្ចុប្បន្ន គំនិតច្នៃប្រឌិតរបស់លោក ត្រូវបានគេប្រើប្រាស់ពាសពេញពិភពលោក។
គេវាយតម្លៃថា ប្រព័ន្ធបំភ្លឺដែលប្រើប្រាស់ពន្លឺព្រះអាទិត្យរបស់លោក នឹងត្រូវបានប្រើនៅក្នុងផ្ទះរាប់លានខ្នង នៅចុងឆ្នាំ ២០១៣នេះ។
អាថ៌កំបាំងនៃជាតិរាវក្នុងដបទឹក ជារបស់ដែលយើងតែងតែបោះចោល នោះគឺសារធាតុធ្វើឱ្យស ចំនួន ២ស្លាបព្រា ដែលត្រូវបានដាក់បន្ថែមចូលទៅក្នុងទឹក ប្រការនេះនឹងជួយឱ្យទឹកមិនប្រែទៅជាពណ៌ខៀវ នៅពេលត្រូវទទួលពន្លឺព្រះអាទិត្យ។
លោក Alfredo Moser ចោះរន្ធមួយដែលល្មមនឹងដប នៅលើដំបូលផ្ទះ ហើយក្រោយមក លោកយកដបដែលបានរៀបចំរួច ញុកទៅនឹងរន្ធនោះ ទើបយកជ័រ polyester បិទឱ្យជាប់ ការពារមិនឱ្យជ្រាបទឹក។
លោក Alfredo Moser បាននិយាយនៅលើវិទ្យុ BBC World Service ថា វាអាស្រ័យលើកំដៅព្រះអាទិត្យ ប៉ុន្ដែ “អំពូលភ្លើង” នេះ មានពន្លឺប្រហាក់ប្រហែលនឹងអំពូលភ្លើង ចាប់ពី ៤០ ដល់ ៦០W ។
Alfredo Moser អាចរកបានប្រាក់ប៉ុន្មានដូល្លារប៉ុណ្ណោះ ពីការបំពាក់ “អំពូលភ្លើង” របស់លោក ឱ្យផ្ទះអ្នកជិតខាង និងហាងទំនើបក្នុងតំបន់លោករស់នៅ ប៉ុន្ដែ ការរកឃើញនេះ មិនបានជួយឱ្យលោកក្លាយជាអ្នកមាននោះទេ។
“អំពូលភ្លើង Moser” បានត្រូវគេប្រើប្រាស់ ក្នុងផ្ទះជាង ១៤០,០០០ ខ្នង នៅប្រទេស ហ្វ៊ីលីពីន ក្រៅពីនេះ វាក៏មានវត្ដមាននៅក្នុងប្រទេសចំនួន ១៥ផ្សេងទៀត ដូចជា ប្រទេសអាហ្សង់ទីន ប្រទេសឥណ្ឌា និងប្រទេសហ្វ៊៊ីជី។ល។
លោក Illac Angelo Diaz ដែលជាអគ្គនាយកផ្នែកផលិតរបស់ក្រុមហ៊ុន MyShelter នៅ ហ្វ៊ីលីពីន មានការសរសើរជាខ្លាំង ចំពោះការរកឃើញនេះ។ លោក Illac Angelo Diaz ក៏ជឿថា ផ្ទះជាង ១លានខ្នង នៅទូទាំងពិភពលោក បាន និងកំពុងប្រើប្រាស់របកគំហើញនេះ។លោក Illac Angelo Diaz បន្ដថា ៖ “បើទោះជាទទួលបានពាន់រង្វាន់ Nobel ឬអត់ នោះ ក៏យើងនៅតែចង់ឱ្យលោក Alfredo Moser ដឹងថា មានមនុស្សរាប់មិនអស់ មានការកោតសរសើរចំពោះអ្វីដែលលោកកំពុងធ្វើ” ។
ដោយ ៖ តារា
ប្រភព ៖ Dailymail