ភ្នំពេញ៖ តារាសម្តែងក្មេងខ្ចីល្ហក់ កញ្ញា ហ៊ុន ច័ន្ទរាជនី បានបង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះនាង
កំពុងត្រៀមខ្លួន ចូលថតក្នុងខ្សែភាពយន្តថ្មី គ្រងដំណែងជាតួឯក ក្នុងពេលឆាប់ៗខាងមុខ ខណៈ
ដែលការងារសិល្បៈរបស់នាង មួយរយៈនេះទទួលបានជោគជ័យច្រើន។
ផ្តល់សម្ភាសន៍ជាមួយភ្នាក់ងារគេហទំព័រ LookingTODAY តាមទូរស័ព្ទ ក្នុងពេលថ្មីៗនេះកញ្ញា ហ៊ុន
ច័ន្ទរាជនី បានប្រាប់ឲ្យដឹងថា ឈានចូលមកដល់រដូវភ្លៀងនេះ ការងារសិល្បៈរបស់នាង ហាក់ដូច
ជាមិនសូវជារវល់ច្រើន ដូចពេលមុនៗទេ គឺធម្មតា ។ ប៉ុន្តែទន្ទឹមនឹងនេះ កញ្ញាក៏មានគម្រោងចូល
សម្តែង រឿងថ្មីមួយទៀត នាអំឡុងខែកក្កដា ខាងមុខនេះ ។
តារាសម្តែងស្រីវ័យក្មេង ដែលពោរពេញទៅដោយ មន្តស្នេហ៍ កញ្ញា ហ៊ុយ ច័ន្ទរាជនី បាននិយាយ
ទៀតថា ចំពោះវត្តមានក្នុងការ ចូលសម្តែងខ្សែរឿងនេះ ខាងអ្នកដឹកនាំតម្រូវឲ្យកញ្ញា គ្រងដំណែង
ជាតួឯក ហើយសម្តែងលក្ខណៈជាសិស្សសាលា ដោយបង្ហាញពីទិដ្ឋភាពក្នុងការអប់រំ ដល់យុវវ័យ
សម័យបច្ចុប្បន្ន។
តារាសម្តែង ហ៊ុយ ច័ន្ទរាជនី បានបញ្ជាក់ថា រឿងនេះជាប្រភេចសាច់រឿងដុំ មានលាយឡំ ទៅដោយ
ឈុតឆាកស្នេហា អប់រំ និងកំប្លែងជាដើម។ ក្នុងសាច់រឿងនេះ គឺមានបុរស៣ នាក់មកតាមស្រលាញ់
នាង ប៉ុន្តែក្នុងនោះ មានតែបុរសម្នាក់គត់ ដែលតម្រូវឲ្យនាង និង គេបានជូបគ្នា។
ថ្វីដ្បិតតែកញ្ញា ហ៊ុយ ច័ន្ទរាជនី បានបង្ហើប្រាប់ខ្លះៗ ពីការត្រៀមខ្លួន ចូលសម្តែងជាតួឯក ក្នុងខ្សែរឿង
ថ្មីនេះ ក៏ពិតមែន ប៉ុន្តែ រាជនី មិនបានបញ្ជាក់ប្រាប់ឲ្យ បានដឹងពីចំណងជើងរឿង និងផលិតកម្មដែល
នាងត្រូវសម្ដែងទេ គឺនាងនិយាយថា សុំលាក់សិន ។
កញ្ញា ហ៊ុន ច័ន្ទរាជនី ជាអតីត Freshie Girl លេខ១ ប្រចាំឆ្នាំ២០១១ មិនត្រឹមតែមានរូបឆោម ស្រស់
សោភានោះទេ រាជនីក៏ជាតារាសម្តែង ស្រីមួយរូប ដែលពូកែខាងការបញ្ចេញ ទឹកភ្នែកក្នុងការសម្តែង
សាច់រឿង ជាតួកំសត់ផងដែរ។ ក្រៅពីវត្តមាននៃការសម្តែងខ្សែរឿង កាយវិកាខារ៉ាអូខេ ស្ប៉តពាណិជ
កម្ម កញ្ញា ហ៊ុយ ច័ន្ទរាជនី ក៏ធ្លាប់ធ្វើជាពិធីការិនី នៅទូរទស្សន៍បាយ័ន ក្នុងកម្មវិធី "ដួងតារារយពាន់"
ទៀតផង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល