CamNews

ព័ត៌មានជាតិ 

ឡានបុកឡាន ម្ខាងចុះ​មក​កាន់​ជើង​កាម៉េរ៉ា​ក្នុង​ស្រោម​ខ្មៅស្មាន​ថា កាំ​ភ្លើង AK ប្តឹង​សមត្ថកិច្ច​ផ្អើល

(​ភ្នំពេញ)៖ ករណី​យល់​ច្រឡំ​មួយ​បានកើតឡើង​​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់សមត្ថកិច្ច​​ស្ទើរ​តែ​ទូ​ទាំង​ខណ្ឌទួលគោក ដោយសារ​តែ​រថយន្ត Lexus-570 ​ប៉ះ​គ្នា​ជា​មួយ​រថយន្ត​ Camry បា​ឡែ​ន បណ្តាយឲ្យដាច់កង់​មុខខាងឆ្វេង​ហើយ​ចុះ​មក​ជជែក​វែក​ញែក​គ្នា ខណៈ​នេះ​មាន​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង​ជា​មិត្តភក្តិ​របស់​ម្ចាស់រថយន្ត​កាម​រី​បា​ឡែ​ន​​មក​ដល់ ក៏​ចុះ​ពី​ឡាន​ដោយ​មាន​កាន់​ជើង​កាមេរ៉ា​មក​ជាមួយ​ផង ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​ Lexus មើលទៅ​ស្មានថា​កាន់​​កាំភ្លើង​អាកា​​ក៏​ឡើង​ឡាន​បើក​​ចេញ​បាត់ ហើយ​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច ។

ករណីយល់ច្រលំនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០៖​​៤០​នាទី​យប់ ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៥ នៅ​មុខ សាលតិចណូ តាម​បណ្ដោយមហាវិថីសហពន្ធរូស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួលគោក ។

បន្ទាប់​ពី​ម្ចាស់រថយន្ត Lexus​ ទូរស័ព្ទ​ប្តឹង​ថា​ មាន​គេ​កាន់​កាំភ្លើង​អាកា​មក​គំរាម​​ដោយសារ​តែ​​គ្រោះថ្នាក់​ប៉ះ​​រថយន្ត​គ្នា​បន្តិចបន្តួច​​សោះ​បែប​នេះ សមត្ថកិច្ច​ស្ទើរតែ​ទូ​ទាំង​​ខណ្ឌទួលគោក​​បាន​ចុះ​មក​អន្តរាគមន៍​​ភ្លាម​ៗ​​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​​ឲ្យ​សមត្ថកិច្ច​ហួសចិត្ត​នោះ​គឺ ​ពុំ​មាន​កាំភ្លើង​អាកា​ដូច​​ការ​រាយការណ៍​​ឡើយ គឺ​គ្រាន់តែ​ជើង​កាមេរ៉ា​​ដែល​មាន​ដាក់​​ស្រោម​​ពណ៌​​ខ្មៅ​មួយ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​សមត្ថកិច្ច​​ធ្វើការ​ពិនិត្យ​រថយន្ត Camryឆ្លាម​រួចហើយ​​​ ក៏​បាន​ធ្វើការ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​​ទាំងអស់​ថា នេះ​គ្រាន់តែ​ជា​​ការ​យល់​ច្រលំ​តែប៉ុណ្ណោះ ការ​ពិត​ពុំ​មាន​យក​កាំភ្លើង​​អាកា​គំរាម​ដូចការាយការណ៍​នោះ​ទេ គឺ​គ្រាន់តែ​ជា​ជើង​​កាមេរ៉ា​ប៉ុណ្ណោះ ព្រោះ​ពួក​គាត់​ទើប​​ចេញ​មក​ពី​ស៊ី​ការ​គេ​។

ក្រោយ​ពេល​ពិនិត្យ​រួច​រាល់​​អស់​ហើយ និង​បញ្ជាក់​ថា​គ្រាន់​តែ​ជា​ការ​​យល់​ច្រឡំ​នោះ សមត្ថកិច្ច​ក៏​អនុញ្ញាត​​ឲ្យ​រថយន្ត​ទាំង​​២​គ្រឿង​បន្ត​​ដំណើរ​ទៅផ្ទះទៅ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP