CamNews

កីឡាជាតិ 

លោក Lee ត្រៀម​ប្ដូរ​យុទ្ធ​សាស្ដ្រ ដោយ​សារ​គ្មាន​វីដេអូ​ ប្រកួត​របស់​ម៉ាកាវ​នៅ​លើ Youtube

ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon បានត្រៀមយុទ្ធសាស្ដ្រថ្មី ដើម្បីយកឈ្នះលើក្រុមម៉ាកាវ ក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០១៨ ជុំទី១ ជើងទី១ ដែលនឹងចាប់ផ្ដើមនាវេលាម៉ោង ៤រសៀលថ្ងៃទី១២ ខែមីនានេះនៅពហុកីឡដ្ឋានស្ដាតចាស់ (ស្តាតកងយោធពលខេមរមិន្ទ) ។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១១ មីនាម្សិលមិញថា ការត្រៀមប្ដូរយុទ្ធសាស្ដ្រ ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិម៉ាកាវ គឺដោយសារការស្វែងរកប្រវត្តិ និងវីដេអូប្រកួតរបស់ក្រុមម៉ាកាវ មិនមាននៅលើប្រព័ន្ធ Youtube ជាហេតុធ្វើឲ្យលោកពិបាកក្នុងការកំណត់អំពីកម្រិកបច្ចេកទេសប្រកួតរបស់ម៉ាកាវ ។

លោកបន្ដថា “រាល់ការប្រកួតរបស់កម្ពុជា ភាគច្រើនត្រូវបានគេបង្ហោះជាវីដេអូ នៅលើប្រព័ន្ធ Online ឬ Youtube ដែលមានភាពងាយស្រួល ដល់គូប្រកួត ក្នុងការមើលដើម្បីកំណត់អំពីបច្ចេកទេស ក៏ដូចជាត្រៀមយុទ្ធសាស្ដ្រទប់ទល់ ប៉ុន្ដែការប្រកួតរបស់ម៉ាកាវកន្លងមក គឺពិបាកស្វែងរក ប្រវត្តិ ឬវីដេអូណាស់ ដូច្នេះជំនួបលើកនេះ ខ្ញុំមានតែផ្លាស់ប្ដូរយុទ្ធសាស្ដ្រប៉ុណ្ណោះ ទើបអាចយកឈ្នះម៉ាកាវបាន ។ ម៉ាកាវ គេបានទស្សនាការ ប្រកួត និងទម្រង់លេងរបស់យើង ឯយើងមិនបានមើលទម្រង់លេងរបស់គេ ហេតុនេះបើយើងមិនប្ដូរយុទ្ធសាស្ដ្រប្រកួតនោះទេ ម៉ាកាវ ច្បាស់ជាមានវិធីអាចយកឈ្នះលើកម្ពុជាវិញបាន” ។

រីឯប្រធានក្រុមជម្រើសជាតិកម្ពុជាវិញគឺកីឡាករខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី បានលើកឡើងថា “ក្នុងនាមជាកីឡាករម្នាក់ ខ្ញុំនឹងខិតខំឲ្យអស់ ពីសមត្ថភាព ដើម្បីស្វែងរកជ័យជំនះជូនប្រទេសកម្ពុជា ហើយរាល់ឱកាសដែលមាន ខ្ញុំនឹងព្យាយាមធ្វើឲ្យបានសម្រេច ព្រោះនេះគឺជាការប្រកួត ដ៏សំខាន់ ដើម្បីដណ្ដើមជ័យលាភីឡើងទៅប្រកួតវគ្គបន្ដ” ៕

អាន៖​ រឿងសំខាន់៣យ៉ាង ដែលម៉ាកាវ ខ្លាចរអារកម្ពុជា មុនជួបគ្នារសៀលនេះ

 

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia PP