(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ នៅទីអវកាស ជាពិសេសការរុករកទីអវកាសឆ្ងាយ បន្ថែមទៀត ស្របពេលដែលទង្វើនេះ នឹងអាចនាំឲ្យកូរ៉េខាងជើង សម្លឹងឃើញក្នុងគោលដៅមិនល្អ។ នេះបើតាមការចេញផ្សាយ ដោយស៊ិនហួរ នៅមុននេះបន្តិច នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦។
កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខា ដោយមន្ត្រី កូរ៉េខាងត្បូង និងអាមេរិក នៅក្នុងកិច្ចប្រជុំរយៈពេល បីថ្ងៃរវាងភាគីទាំងពីរ នៅទីក្រុងសេអ៊ូល។ លោក Yun Byung-se រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានលើកឡើងថា ការរុករកទីអវកាសនេះ គឺនឹងស្ថិតនៅក្នុងគោលដៅ សន្តិភាពតែប៉ុណ្ណោះ ដោយមិនមែនជាការបំផ្លាញបរិស្ថាន ឬជាការពង្រឹងវិស័យ យោធានោះឡើយ។
គួរបញ្ជាក់ថា មុននឹងមានកិច្ចព្រមព្រៀងនេះកើតឡើង ទីក្រុងសេអ៊ូល និង វ៉ាស៊ីនតោន បានធ្វើការពិភាក្សាគ្នា ចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ ហើយក្នុងនោះប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺហេ និងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានពិភាក្សាគ្នាថា នឹងសម្រេចវាឲ្យបាននៅឆ្នាំ ២០១៦ នៅក្នុងកិច្ចប្រជុំកំពូលមួយ កាលពីខែតុលា ឆ្នាំ២០១៦៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង