គ្រោះថ្នាក់ ៖ មនុស្សជាច្រើននាក់ ត្រូវសេចក្តីរាយការណ៍ បញ្ជាក់ អោយ ដឹងថា បានស្លាប់បាត់បង់ ជីវិត ខណៈ ៤៥ នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ ក្រោយហេតុការណ៍ គ្រោះអកុសល បាក់ ទំនប់ ទឹកមួយកន្លែង នារដ្ឋ Minas Gerais ភាគ ខាងត្បូងឆៀងខាងកើត ប្រទេស ប្រេស៊ីល ។ រូប ភាពនៅតាមបណ្តាញសង្គម ស្តែង អោយឃើញ ពី ផលប៉ះពាល់នៃ ការបំផ្លិចបំផ្លាញខ្លាំងបំផុត ខណៈប្រតិបត្តិការជួយសង្គ្រោះ ជម្លៀសពលរដ្ឋ កំពុងតែធ្វើឡើងយ៉ាងសស្រាក់សស្រាំ ។
ប្រភពសារព័ត៌មានអោយដឹងថា ទំនប់ទឹកបាក់រលំខាងលើ មានវត្តមាននៅជិតនឹងទីតាំង ជីករករ៉ែ មួយកន្លែងនៅឯជនបទ មានរយៈចម្ងាយប្រមាណ ៣០០ គ.ម ពីទីក្រុង Rio de Janeiro ។ សាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកអោយដឹងថា ៖ ទីក្រុង Bento Rodrigues ដែលមានពលរដ្ឋ សរុប ៦២០នាក់នោះ បានជន់លិចដោយសារតែ ភក់ជ្រាំ ។ ក្រុមការងារជួយសង្គ្រោះ កំពុងតែព្យា យាមស្វែងរកអ្នកនៅរស់រានមានជីវិត ។ តួរលេខពិតប្រាកដ នៃចំនួនអ្នកស្លាប់ និង របួស ពុំទាន់ បានដឹងជាក់ច្បាស់នៅឡើយទេ តែ របាយការណ៍ ពី The Iron and Metals Extraction Union ឲ្យ ដឹងថា ជនរងគ្រោះស្លាប់ ប្រមាណ ១៥ នាក់ ខណៈ ៤៥នាក់ បន្តបាត់ខ្លួននៅឡើយ ។
អាជ្ញាធរក្នុងស្រុក បានចេញសេចក្តីប្រកាសអាសន្ន អោយ ពលរដ្ឋរស់នៅជុំវិញ ទំនប់ទឹកធ្វើការ ជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព ។ ក្រុមហ៊ុន រុករករ៉ែ Samarco ធ្លាប់បានលើកឡើងតាម រយៈសេចក្តីថ្លែងការណ៍អោយដឹងថា មានករណី លេចធ្លាយ សារជាតិពុល ពី ទីតាំងជីករករ៉ែ ក្នុង នោះក្រុមហ៊ុនសន្យាដោយមានការធានាអោយបាននូវផលប៉ះពាល់តិចបំផុតទៅដល់បរិស្ថាន និង ប្រជាពលរដ្ឋមូលដ្ឋាន ។ សារព័ត៌មាន ក្នុងស្រុក ក្រោយ ពីដោះស្រង់ សម្តីគណៈកម្មការ ទទួល បន្ទុកដោះស្រាយវិនាសកម្មលលើកនេះ ចុះផ្សាយអោយដឹងថា គ្រោះថ្នាក់ បាក់ទំនប់ទឹកលើកនេះ អាចជាគ្រោះថ្នាក់បាក់រលំទំនប់ទឹកអាក្រក់បំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្តក្នុងប្រទេស។មន្រ្តីបរិស្ថាន មកពីក្រសួងសាធារណៈ លោក Carlos Eduardo Ferreira Brito ព័ត៌មាន គ្រោះថ្នាក់លើកនេះថា ជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ