CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េ​ខាង​ជើង ផ្ញើ​សារ​គំរាម​វាយ​ប្រហារ​មូលដ្ឋាន​ទ័ព​អាមេរិក ពាក់​ព័ន្ធ​នឹង​សង្គ្រាម​ នុយ​ក្លេ​អ៊ែរ

(សេអ៊ូល)៖ ប្រទេសផ្ដាច់ការកូរ៉េខាងជើង បានបង្កើនការគំរាមប្រឆាំងជាថ្មី ដល់សហរដ្ឋអាមេរិក និងគំរាមលុបចោលសន្និសីទរួមគ្នា ស្ដីអំពីការបង្រួបបង្រួមគ្នា ជាមួយ​កូរ៉េខាងត្បូង ដែលនឹងត្រូវធ្វើឡើង នៅខែសីហាខាងមុខ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន​កូរ៉េ​ខាងជើង KCNA ចេញផ្សាយនៅ​ថ្ងៃទី០៧ ខែកក្កដា។

អ៉ីម៉េល និងទូរសារជាច្រើនសន្លឹក ត្រូវបានរដ្ឋាភិបាលព្យុងយ៉ាង ផ្ញើទៅកាន់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ដោយ​ក្នុងនោះ មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានគំរាមវាយប្រហារមូលដ្ឋាន ទ័ពអាមេរិក ដែល​បោះទីតាំងនៅក្បែរឧបទ្វីបកូរ៉េ និងបានគំរាមលុបចោលសន្និសីទរួមគ្នា ស្ដីអំពី​ការបង្រួបបង្រួម​គ្នា ជាមួយ​នឹង​កូរ៉េខាងត្បូង។

កូរ៉េខាងជើង​ បានបញ្ជាក់នៅក្នុងសារថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នាប្រឆាំង​អាវុធនុយក្លេអ៊ែរ វាងសហរដ្ឋអាមេរិក និង​ជប៉ុន ដែលបាន​ធ្វើ​ឡើងនៅថ្ងៃអង្គារ កន្លងទៅនេះ គឺ «ជាបទឧក្រិដ្ឋកម្ម»។ នៅក្នុងសមយុទ្ធនោះ ក៏មាន​ការ​ចូលរួមពី​សំណាក់យន្តហោះ ទម្លាក់គ្រប់បែកកូរ៉េខាងត្បូង B-52 ផងដែរ។

រដ្ឋាភិបាលព្យុងយ៉ាង បានអះអាងថា សហរដ្ឋអាមេរិក គឺជាអ្នកបង្ក និងគំរាមកំហែង​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ នៅឧបទ្វីប​កូរ៉េខ្លាំងជាងគេ ដូច្នេះហើយ គ្មានមូលហេតុអ្វី​ដែល​ កូរ៉េខាងជើង ត្រូវបញ្ឈប់​ការផលិត​អាវុធ​ នុយក្លេអ៊ែរនោះទេ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news