CamNews

កីឡាអន្តរជាតិ 

Costa ចង់​ចាក​ចេញ​ពី Chelsea ទៅ​កាន់​ក្លឹប​ចាស់ Atletico Madrid វិញ

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធដែលកំពុងលេងធ្លាក់ទម្រង់លេង Diego Costa ចង់ចាកចេញពីក្លឹបតោខៀវ Chelsea វិល​ត្រឡប់​ទៅ​ក្លឹប Atletico Madrid របស់​អេ​ស្ប៉ាញ​វិញ នេះ​បើ​យោងតាមការចុះផ្សាយរបស់គេហទំព័រ Dailystar។

តែប្រភពពីក្លឹបអង់គ្លេស Chelsea វិញបានបញ្ជាក់ថា កីឡាករដើមកំណើតប្រេស៊ីល សញ្ជាតិអេស្ប៉ាញខាងលើនេះ មានភាពកក់ក្តៅ​ខ្លាំង​ណាស់​ជា​មួយ​នឹង Chelsea ដោយ​កំពុង​ទន្ទឹង​រង់​ចាំ​ការ​មក​ដល់​របស់​គ្រូ​បង្វឹក​ថ្មី Antonio Conte ដឹក​នាំ​ក្រុមជម្រើសជាតិអ៊ីតាលី លេង​ក្នុង​យុទ្ធ​នា​ការ Euro 2016 នៅ​ប្រទេស​បារាំង ស្រាប់តែថ្មីៗនេះ តារាវ័យ៣០ឆ្នាំ Costa ប្រាប់ថា ចង់ចាកចេញវិលទៅកាន់ក្លឹបចាស់ទៅវិញ គ្រា​ដែល​ក្លឹប​​ជាប់​លេខ៣ នៃពាន La Liga រដូវកាលមុន ក៏ចង់បានរូបគេត្រឡប់ទៅវិញដែរ។

ទន្ទឹមគ្នានោះដែរ សម្រាប់តម្លៃខ្លួនកីឡាករដែលមិនជាប់ក្នុងជម្រើសជាតិអេស្ប៉ាញនៃ Euro 2016 លើកទី១៥នេះ ត្រូវបានគេប៉ានប្រមាណថា ប្រ​ហែល ៤០​លាន​ផោន ដែល​ក្លឹប​ទាំង​ពីរ​ប្រហែលបើកការពិភាក្សាគ្នាក្នុងរយៈពេល ២-៣ ថ្ងៃទៀត ហើយក្លឹបដែលអត់មានកៅអី​លេង​ក្នុង Champions League ឬ​ក៏​ពាន​លំដាប់​ទី​២ ប្រចាំ​ទ្វីប​អឺរ៉ុប Europa League រដូវកាលឆ្នាំ២០១៦-២០១៧ នេះ ក៏ជិតទិញបានកីឡាករខ្សែ​ប្រយុទ្ធ​ប៊ែល​ហ្ស៊ិក Michy Batshuayi មក​ពី​ក្លឹប Marseille ក្នុងតម្លៃ ៣៣​លាន​ផោន ដើម្បីជំនួសកន្លែង Costa រួចស្រេចដែរ។

តារាវ័យ២៧ឆ្នាំ រកគ្រាប់បំប៉ោងសំណាញ់ទីបាន ៣៦គ្រាប់ ពីការចូលលេងបាន ៧៨ប្រកួតក្នុងក្លឹប Chelsea ក្នុងរយៈ ពេល ២ឆ្នាំមកនេះ ដោយ​បាន​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ​មួយ​នេះ ឈ្នះពាន Premier League បានសម្រេចកាលពីរដូវកាល ឆ្នាំ២០១៤-២០១៥ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង Jose Mourinho៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង