ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅថ្មីៗនេះ គឺជាថ្ងៃខួបកំណើត របស់កំពូល តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ដែលគេសង្កេតឃើញថា នាងត្រូវបានអ្នកគាំទ្រជាច្រើន បានរៀបចំកម្មវិធីជប់លៀង ឲ្យនាងយ៉ាងសប្បាយរីករាយ។ នៅក្នុងនោះឃើញវត្តមាន អ្នកគាំទ្រនាងម្នាក់ បានចំណាយថវិកាផ្ទាល់ខ្លួន កសាងអណ្តូងទឹក ឲ្យប្រជាពលរដ្ឋ ជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ ដោយបានដាក់ឈ្មោះតារាស្រីរូបនេះ ទុកជាកាដូសម្រាប់ ថ្ងៃកំណើតនាងថែមទៀតផង។
ជាទូទៅឲ្យតែដល់ ថ្ងៃខួបកំណើត របស់អ្នកសិល្បៈម្តងៗ គេសង្កេតឃើញថា អ្នកគាំទ្ររបស់ពួកគេ តែងតែរិះរក និងធ្វើអ្វីដែលថ្មីប្លែក សម្រាប់តារាក្នុងដួងចិត្តពួកគេ ជាប្រចាំមិនដែលដាច់ទេ ។ តួយ៉ាងដូចពេលថ្មីៗនេះ តារាចម្រៀងរូបស្រស់សោភា កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រនាងរៀបចំ កម្មវិធីជប់លៀងខួបកំណើត ក្រោយពីនាងបានបញ្ចប់ ការផ្សាយកម្មវិធី Cambodia idol កាលពីថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ ។ នៅក្នុងនោះ នាងក៏ត្រូវបានអ្នកគាំទ្រឈ្មោះ “September” រៀបចំកាដូពិសេស បែបមនុស្សធម៌ ឲ្យនាងសម្រាប់ខួបកំណើត វ័យ២៨ឆ្នាំ ថែមទៀតផង ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook របស់តារាចម្រៀងល្បីឈ្មោះ កញ្ញា ឱក សុគន្ធកញ្ញា បានសរសេរបង្ហោះថា «ក្រុមអ្នកគាំទ្ររបស់ ឱក សុគន្ធកញ្ញា ដែលមានឈ្មោះថា "September" បានចូលរួមវិភាគទាន កសាងអណ្តូងមួយ មានឈ្មោះថា"Kanha's Water" ក្នុងនាម ឱក សុគន្ធកញ្ញា នាឱកាសនៃពិធីខួបកំណើត ជូនទៅដល់ប្រជាជនខ្វះខាត នៅសហគមន៍ នៃខេត្តសៀមរាប ក្នុងប្រទេសកម្ពុជា ។ យើងខ្ញុំ សូមឲ្យប្រជាជនទាំងនោះ រស់នៅក្នុងបរិស្ថានស្អាត ដែលពួកគាត់អាចប្រើប្រាស់ នូវទឹកស្អាតជាមួយនឹងក្តីសង្ឃឹម ស្របជាមួយនឹងភាពសប្បាយរីករាយ» ។
សម្រាប់កាដូពិសេស បែបមនុស្សធម៌ ដែលអ្នកគាំទ្រធ្វើឲ្យ កញ្ញា ឱក សុគន្ធកញ្ញា គឺជាកាដូលើកទី១ ហើយដែលនាងមានអ្នកគាំទ្រ បានចូលរួមសាងអំពើល្អហើយ ដាក់ឈ្មោះរបស់នាង ដែលជាតារាក្នុងដួងចិត្ត របស់ពួកគេជាតំណាង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល