(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសម្រេចផ្ដល់មេដាយកិត្តិយសក្នុងភាពជាអ្នកដឹកនាំនៃសេរីភាព (the Presidential Medal Of Freedom) ដល់បុគ្គល ២១រូបក្នុងនោះរួមមានទាំងកំពូលកីឡាករបាល់បោះអាមេរិកដែលជា Idol របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក ម៉ៃឃឺល ហ្សកឌិន (Michael Jordan) ផងដែរ នៅឯសេតវិមានទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងសុន្ទរកថានាឱកាសនោះ លោក អូបាម៉ា បាននិយាយថា «រាប់ចាប់ពីអ្នកវិទ្យាសាស្ត្រ អ្នកធ្វើការងារមនុស្សធម៌ មន្ត្រីរាជការ រហូតដល់សកម្មជន អត្តពលិក និងសិល្បករ បុគ្គលទំាង ២១រូបនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងភាពរីកចំរើនរបស់សហរដ្ឋអាមេរិក ព្រមទាំងបានផ្ដល់ក្ដីសង្ឃឹមដល់ប្រជាជនរាប់លាននាក់នៅលើពិភពលោក។ រីឯមេដាយកិត្តិយសក្នុងភាពជាអ្នកដឹកនាំនៃសេរីភាពនេះមិនមែនគ្រាន់តែតំណាងឱ្យកិត្តិយសបុគ្គលនីមួយៗតែប៉ុណ្ណោះទេ ប៉ុន្តែវាជាកិត្តិយសនៃគំនិតសម្រាប់យើងគ្រប់គ្នា ដែលចង់ឱ្យប្រទេសមួយនេះកាន់តែល្អប្រសើរ»។
គួរបញ្ជាក់ថាមេដាយកិក្តិយសភាពជាអ្នកដឹកនាំនៃសេរីភាព ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីអាមេរិក និងជាមេដាយកិត្តិយសថ្នាក់ស៊ីវិលខ្ពស់បំផុតមួយ នៅសហរដ្ឋអាមេរិក ដែលតែងតែផ្តល់ជូនបុគ្គលឆ្នើមនៅគ្រប់ស្ថានប័ន និងគ្រឹះស្ថានដែលបានកសាងស្នាដៃ និងជាគំរូល្អសម្រាប់មនុស្សឯទៀត។
រំលឹកកាលពីក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post កាលពីអំឡុង ខែឧសភា កន្លងទៅ ម្ដាយមីងម្នាក់របស់លោក គីម ជុងអ៊ុន ដែលកំពុងរស់នៅក្នុង ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក អះអាងថា «មេដឹកនំាទីក្រុងព្យុងយ៉ាងរូបនេះ ជាមនុស្សចូលចិត្តលេងបាល់បោះណាស់ ហើយក៏គាំទ្រយ៉ាងខ្លាំងចំពោះកីឡាករល្បី របស់អាមេរិកលោក Michael Jordan»៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី