ការរលូតកូន អាចជារឿងមួយគួរឱ្យរន្ធត់ចិត្ដ និងធ្លាក់ទឹកចិត្ដ សម្រាប់ស្រ្ដីជាម្ដាយ ដែលប្រាថ្នាចង់បានកូន។ ការរលូតកូន ឬការរំលូតកូនដោយបំណងខ្លួនឯង កើតឡើងនៅពេលស្រ្ដីជួបប្រទះនូវអាការៈហូរឈាមយ៉ាងចម្លែក នៅអំឡុងពេលស្រ្ដីកំពុងតែមានផ្ទៃពោះ។ ខាងក្រោមនេះ យើងសូមបង្ហាញលោកអ្នក អំពីមូលហេតុ ដែលនាំឱ្យស្រ្ដីរលូតកូន។
១. ការផឹកគ្រឿងស្រវឹង និងប្រើសារធាតុ Nicotine៖ ស្រ្ដីរងនូវការរលូតកូន ដោយសារការផឹកគ្រឿងស្រវឹង និងប្រើប្រាស់សារធាតុ Nicotine ជាញឹកញាប់។ ទង្វើទាំងនេះ ធ្វើឱ្យខូចតុល្យភាពអ័កម៉ូន និងនាំឱ្យខូចស្រទាប់រក្សាទារកក្នុងផ្ទៃ។ ម្យ៉ាងទៀត ទារកដែលសម្រាលពីផ្ទៃម្ដាយ ដែលជក់បារីមានប្រព័ន្ធស៊ាំរបស់រាងកាយខ្សោយ ឬរងវិបត្ដិពីការពិការអវៈយវៈក្រោយពេលសម្រាល។
២. របួសរាងកាយ៖ ពេលខ្លះគ្រាន់តែការដួលបន្ដិចបន្ដួច ទំនាញសាច់ដុំពោះ ការបំពេញការងារ និងការលេងកីឡាក៏អាចបណ្ដាលឱ្យការរលូតកូននេះកើតមានឡើងដែរ។ ដើម្បីបង្ការបញ្ហានេះ ស្រ្ដីទាំងឡាយអនុវត្ដតាមការណែនាំរបស់វេជ្ជបណ្ឌិត និងពិភាក្សាអំពីកម្រិតនៃភាពងាយរងបញ្ហារបស់រាងកាយឱ្យបានលម្អិត។ វេជ្ជបណ្ឌិតភាគច្រើនតែងផ្ដោតការយកចិត្ដទុកដាក់ចំពោះរចនាសម្ព័ន្ធរាងកាយរបស់ស្រ្ដី ហើយណែនាំស្រ្ដីឱ្យចៀសវាងការរួមភេទ។ ប៉ុន្ដែទោះជាយ៉ាងណា ការរួមភេទអំឡុងពេលមានផ្ទៃពោះក៏អាចមានតម្លៃស្មើនឹងការហាត់ប្រាណដ៏រីករាយមួយផងដែរ។ សូមធ្វើការសាកសួរវេជ្ជបណ្ឌិតពីវិធី ដែលមានសុវត្ថិភាពសម្រាប់ការរួមភេទអំឡុងពេលមានផ្ទៃពោះ។
៣. បញ្ហាជីវសាស្រ្ដ៖ បញ្ហាជីវសាស្រ្ដដ៏ចម្បង ជាមួយរចនាសម្ព័ន្ធរបស់ស្រ្ដីក៏អាចបង្កើនឱកាសនៃការរំលូតទារកក្នុងគភ៌យ៉ាងខកបំណងផងដែរ។ ចំពោះបញ្ហានេះ ជាញឹកញយវេជ្ជបណ្ឌិតអនុវត្ដនូវតេស្ដជាពិសេស ដើម្បីតាមដានទំហំ និងសមត្ថភាពនៃស្បូន និងធ្វើការកែលម្អតាមរយៈការវះកាត់។ ឧទាហរណ៍ដ៏ជាក់ច្បាស់ គឺការកន្រ្ដាក់ស្បូន ដែលភាគច្រើនតម្រូវឱ្យមានការជួយរង្គ្រោះដោយការវះកាត់។
៤. មូលហេតុដទៃទៀត៖ រចនាសម្ព័ន្ធមិនប្រក្រតីនៃស្បូន ក៏អាចនាំទៅរកការរលូតកូនផងដែរ។ កូនក្រៅស្បូន គឺជាមូលហេតុមួយទៀត ដែលកើតមានចំពោះការរលូតកូន។ ស្រ្ដី ដែលរងវិបត្ដិដោយសារដុះដុំសាច់លើស្បូន មានឱកាសចម្លងទំនោរហ្សែននេះទៅកូន។ កម្រិតនៃគ្រោះថ្នាក់ខ្ពស់ដូច្នេះ តែងតែនាំទៅរកការរលូតកូន៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព ៖ onlymyhealth