CamNews

ព័ត៌មានអន្តរជាតិ 

ដូណាល់ ត្រាំភ៍៖ «ខ្ញុំ​ចង់​អង្គុយ​ញុំា ហាំ​ប៊ឺ​ហ្គឺ ជា​មួយ​លោក គីម ចុងអ៊ុន រួច​​ចរចា​គ្នា​លើ​បញ្ហា

(វ៉ាស៊ីនតោន)៖ បេក្ខភាពប្រធានាធិបតីអាមេរិក ប្រចាំគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំភ៍ បាននិយាយថាលោកនឹងអញ្ជើញមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន មកបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ហើយធ្វើការចរចាគ្នាលើកម្ម​វិធីនុយក្លេអ៊ែរ ស្របពេលនៃការញុំាហាំប៊ឺហ្គឺ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។​

លោក ដូណាល់ ត្រាំភ៍ បានថ្លែងនៅក្នុងបទបង្ហាញ ពីគោលនយោបាយនៅ Atlanta នាថ្ងៃពុធ ដូច្នេះថា «ប្រសិនបើគាត់មកទីនេះ ខ្ញុំនឹងទទួលស្វាគមន៍គាត់។ ខ្ញុំចង់ជួបនាំមេដឹកកូរ៉េខាងជើង។ តើវាមានបញ្ហាអីទៅ គ្រាន់តែរឿងប៉ុណ្ណឹង? ខ្ញុំចង់និយាយជាមួយគ្រប់គ្នា ដែលខ្ញុំចង់»។

គួរបញ្ជាក់ថា កាលពីខែឧសភា អំឡុងពេលនៃយុទ្ធនាការឃោសនា​ រកសំឡេងឆ្នោត លោក ត្រាំភ៍ ក៏ធ្លាប់លើកឡើងពីការ គ្រោងជួបចរចាផ្ទាល់ ជាមួយនឹងមេដឹកនាំផ្តាច់ការ កូរ៉េខាងជើងដែរ ដែលកាល ណោះសាធារណមតិជាតិ និងអន្តរជាតិមួយចំនួនបាន ធ្វើការរិះគន់យ៉ាងខ្លាំង រួមទាំងលោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន ផងដែរ។

ងាកមកកាន់កូរ៉េខាងជើងវិញ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានកោតសរសើរពីជំហរ​របស់លោក ដូណាល់ ត្រាំភ៍ ដែលអាចនឹងធ្វើឲ្យកូរ៉េខាងជើង និងអាមេរិក មើលមុខគ្នាត្រង់​ប្រសិនបើបេក្ខភាព ប្រធានាធិបតីអាមេរិករូបនេះ ឈ្នះឆ្នោតនៅ​ខែវិច្ឆិកា ខាងមុខ៕



ប្រភព ៖ យ៉ុនហាប់

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: north korea south korea missile satellite