CamNews

តារា 

ប៊ីរីយ៉ា៖​ «រឿងដែលខ្ញុំ​ខ្លាច​បំផុត គឺខ្លាចកូនឈឺ..»

(ភ្នំពេញ)៖ បើគិតរហូមកដល់ពេលនេះ រយៈពេល១ឆ្នាំហើយ ដែលតារាសម្តែងកូនកាត់ឥណ្ឌា អ្នកនាង តាំង គីមចាំង ហៅ ប៊ីរីយ៉ា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ រៀបការសាងគ្រួសារ ជាមួយស្វាមីជាអ្នកជំនួញ។ ក្រោយពី​នាង​រៀបការរួច គេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់មានភាព​ឃ្លាតឆ្ងាយពីសិល្បៈ មួយរយៈពេលធំ ដោយ​សារ​តែនាង ត្រូវសម្ងំពពោះ និងថែទាំខ្លួន ក្រោយ​សម្រាល​បានកូនស្រីមួយ ដែលមានអាយុប្រមាណជិត៤ខែ។

សម្រាប់ព័ត៌មានដែលថា ​នាង ប៊ីរីយ៉ា សម្រាលបានកូនស្រីមួយនោះ ហាក់ដូចជារឿងដែល​អាថ៌កំបាំង ​បិទបាំងខ្លាំងណាស់ ពោលនាងនិងស្វាមី មិនដែលបានបង្ហាញពីតម្រុយ ដែលពួកគេមានកូនទាល់តែសោះ ចាប់​តាំងពី ពួកគេរៀបការមួយជារឿយៗ ពួកគេតែង​បង្ហាញភាពសិ្នទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា តែពីរនាក់មិន​ដែល​ដាច់​។ ដោយឡែករឿងមានកូនចៅនេះ គូស្វាមីភរិយាមួយគូនេះ មិនបានទម្លាយប្រាប់ ដល់សាធារណជន និង​អ្នកគាំទ្រឲ្យដឹងឡើយ ដោយធ្វើឲ្យទស្សនិកជនគិតថា ការដែលនាងលាក់បាំងទំនង មកពីនាងខ្លាចធ្លាក់កូដ នៅពេល​មាន​កូន​។

ទាក់ទងទៅនឹងចម្ងល់ទាំងអស់នេះដែរ ត្រូវបានតារាសម្តែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ អ្នកនាង ប៊ីរីយ៉ា នៅពេលថ្មីៗនេះ បានចេញមុខទម្លាយប្រាប់ ​ជា​សាធារណៈ​ថា ខ្លួននាងពេលនេះបានក្លាយ ជាម្តាយរបស់គេហើយ ដោយ​នាងទើបតែ ទទួលបាន​ចំណងដៃកូនស្រីម្នាក់ ដែលពេលនេះមានអាយុជិត៤ខែ កូនស្រីរបស់នាង​មាន​ឈ្មោះថា ឡា ប៊ីណា ​និងមានសុខភាពរឹងមាំល្អ។

តួឯកស្រីក្នុងរឿង «ឋានសួគ៌ស្នេហ៍» រូបនេះ បានប្រាប់ពីទំហំចិត្តរបស់ខ្លួន ពេលក្លាយជាម្តាយរបស់គេថា «នៅ ​ពេល​ដែលក្លាយខ្លួន ជាម្តាយរបស់គេ ទើបដឹងថា ទំហំចិត្តខ្ញុំពេលនេះ ស្រលាញ់កូនខ្លាំង ហើយរឿងដែលខ្ញុំ​ខ្លាច​បំផុត គឺខ្លាចកូនឈឺ ខ្ញុំតែងតែចំណាយ​ពេលថែរក្សាគាត់ បានយ៉ាងដិតដល់»

បើទោះជាពេលនេះ តារាស្រីរូបនេះមានកូនស្រីមួយ ជាចំណងអាពាហ៍ពិពាហ៍ ហើយក៏ដោយតែនាងបាន​អះអាង​ថា នាងមិនទាន់ចង់​គិតរឿងយកកូនបន្តទេ ដោយនាងបានប្រាប់បន្ថែមទៀតថា រហូតមកដល់ពេលនេះ ​នាងនៅមិន​ទាន់គិតថា យកកូនទី២ ក្នុងពេលឆាប់ៗខាងមុខនេះទេ ព្រោះថានាងចង់ទុកពេល មើលថែទាំកូនទី១​ឲ្យល្អ និង​ទុកពេលសម្រាប់ការងារសិល្បៈ ឲ្យបានច្រើនរឹងមាំជាមុនសិន ទើបចាប់ផ្តើមគិតរឿងយកកូនបន្ត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Biviya Star news local news national news Phnom Penh