(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចដោះលែង លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដែលមានគ្រោះថ្នាក់ចរាចរណ៍ជាមួយលោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ។ នេះបើតាមការបញ្ជាក់ពី លោក គីម សុជាតិ មេធាវីការពារក្តីឱ្យ លោក ឌិន ពុទ្ធី។
លោក គីម សុជាតិ មេធាវីការពារក្ដីលោក ឌិន ពុទ្ធី បញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែមករាថា ក្រោយបើកសវនាការជាអសាធារណៈ លោក ងួន រតនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចដោះលែងលោក ឌិន ពុទ្ធី ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយភ្ជាប់លក្ខខណ្ឌពោលគឺមិនត្រូវផ្លាស់ប្ដូរទីលំនៅ និងត្រូវចូលបំភ្លឺតាមដីកាកោះរបស់តុលាការជាដើម។
សវនាការនេះគឺគ្មានវត្តមានលោក ឌិន ពុទ្ធី នោះទេ តែមេធាវី លោក គីម សុជាតិ ការពារក្ដីលោក ឌិន ពុទ្ធី បានចូលរួមសវនាការដើម្បីតតាំងនីតិវិធី ។
សភាស៊ើបសួរសាលាឧទ្ធរណ៍សវនាការពេលនេះ ដឹកនាំដោយលោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក យូ ប៊ុនណា លោក អិន វ៉ានវិបុល ជាសមាជិក និង លោក ហ៊ាន រិទ្ធ ជាតំណាងមហាអយ្យការ ។
សូមជំរាបថា កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅត្រង់ក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រវាងថយន្តម៉ាក LEXUS RX300 ពាក់ស្លាក់លេខ ប-ជ 2A 5484 ពណ៌ស្ករ បើកបរដោយ លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយ លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប៉ោយប៉ែត ដែលចុះរៀបចំសណ្ដាប់ធ្នាប់នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ។ ករណីនេះសមត្ថកិច្ចក៏បាន ឃាត់ខ្លួន លោក ឌិន ពុទ្ធី អ្នកបើកបររថយន្តបញ្ជូនទៅតុលាការភ្លាមៗផងដែរ ហើយតុលាការខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួន លោក ឌិន ពុទ្ធិ បណ្តោះអាសន្នតែម្តង។
សូមបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ជុំវិញករណីគ្រោះថ្នាក់ចរាចណ៍នេះ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី