CamNews

តារា 

ឌៀប សុវណ្ណតារា ៖ «ខ្ញុំមិន​មាន​បញ្ហា អាក់អន់​ស្រពន់​ចិត្ត ជាមួយ លោក លៀក លីដា ទេ »

ភ្នំពេញ៖ លោក ឌៀប សុវណ្ណតារា អ្នកនិពន្ធ និងដឹកនាំសម្ដែងដ៏ល្បីល្បាញ របស់ផលិតកម្ម អិលឌី ដែលមានលោក លៀក លីដា ជាម្ចាស់ផលិតកម្ម កន្លងមក លោកបានបង្ហាញស្នាដៃយ៉ាងច្រើន មិនគួរឲ្យជឿ ហើយទទួលការគាំទ្របាក់ទឹកបាក់ដី រហូតធ្វើឲ្យផលិតកម្ម អិលឌី ក្លាយជាផលិតកម្មមួយ ផលិតរឿងណាមួយក៏ល្អមើលទទួលបានការគាំទ្រ ហើយទស្សនិកជន ចំណាំមើលថា ឲ្យតែរឿង អិលឌី គឺល្អមើលទាំងអស់ ។ ដោយទទួលបានការគាំទ្របែបនេះ បានធ្វើឲ្យម្ចាស់ផលិតកម្មនេះ គឺលោក លៀក លីដា ប្ដូរមកជិះរថយន្តទំនើបម៉ាក AUDI ក្នុងរយៈពេលតែប៉ុន្មានឆ្នាំចុងក្រោយ ព្រោះគ្រប់ទឹក ចំណេញរាប់ម៉ឺនដុល្លារ ពីវិស័យកុននេះ ។

ក្រោយមកលោក ឌៀប សុវណ្ណតារា ក៏បានដកខ្លួនចេញពីផលិតកម្ម អិលឌី ដោយស្ងាត់ស្ងៀមបំផុត ហើយបែរជាមកបើកផលិតកម្មខ្លួនឯង ដោយមានឈ្មោះថា «RED PICTURE» ដែលរឿងដំបូង របស់ផលិតកម្មនេះគឺមានចំណងជើងថា «ភូមិអត់មនុស្ស» ដែលរឿងនេះ បានបង្ហាញ វិដេអូ ខ្លីៗធ្វើឲ្យមនុស្សជាច្រើនតាមដាន និងចង់ឲ្យបង្ហាញរូបភាព ក្នុងពេលឆាប់ៗនេះទៀតផង ព្រោះទស្សនិកជនចាប់អារម្មណ៍។

លោក ឌៀប សុវណ្ណតារា បាននិយាយប្រាប់ LookingTODAY លោកមិនមានបញ្ហា អាក់អន់ស្រពន់ចិត្តអ្វី ជាមួយ លោក លៀក លីដា ទេ ។ លោកនៅតែធ្វើរឿងឲ្យលោក លីដា ក្នុងមួយឆ្នាំមួយរឿងដដែល និងរៀបចំឲ្យដូចកាលដែលលោកនៅក្នុងផលិតកម្មដែរ បើទោះបីលោក មកបើកផលិតកម្មខ្លួនឯងក៏ដោយ ។ លោកបានបន្តថា សម្រាប់រឿង «ភូមិអត់មនុស្ស»នេះ លោកជាអ្នកនិពន្ធដោយខ្លួនឯង ដឹកនាំខ្លួនឯង រួមទាំងបច្ចេកទេសមួយចំនួន។ កាលពីមុន លោកត្រឹមតែជាអ្នកនិពន្ធ ពេលគេយករឿងលោកទៅសម្ដែង វាមិនបានដូចអ្វី ដែលលោកចង់បានទេ ហើយពេលនេះ លោកអាចគ្រប់គ្រងវាបាន។

លោក ឌៀប សុវណ្ណតារា បាននិយាយថា សម្រាប់ដើមទុន បើកផលិតកម្មខ្លួនឯងនេះ គឺលោកលក់ខ្ទេចខ្ទី តាំងពីដី ឡាន និង ខ្ចីគេខ្លះ ដើម្បីធ្វើវា ក្នុងជំនឿ យ៉ាងមុតមាំថា រឿងនេះនឹងល្អមើល ហើយបានទទួលការគាំទ្រច្រើន ពីទស្សនិកជន ។ ទស្សនិកជន ក៏បានស្គាល់ស្នាដៃ លោក ឌៀប សុវណ្ណតារា រួចហើយថា ជាមនុស្សម្នាក់ដែលខ្លាំង ក្នុងវិស័យភាពយន្ត ព្រោះរឿងចេញមក គ្មានរឿងណាថា មិនល្អមើលនោះទេ ហើយគេក៏បន្តចាំមើលថា លោកអាចធ្វើរឿង «ភូមិអត់មនុស្ស»នេះ បានល្អ ដូចមុនឬទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh