CamNews

កីឡាអន្តរជាតិ 

Man Utd ឈ្នះ Fenerbahce ៤-១ ឡើង​​ទៅ​​ឈរ​កំពូល​តា​​រាង​​ពូល A បណ្តោះ​អាសន្ន​វិញ (Video Inside)

(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United រកបាន៣ពិន្ទុជាលើកទី២ ដើម្បីឡើងទៅឈរនៅកំពូល​តា​រាង​ពូល A បណ្តោះ​អា​សន្ន ក្រោយ​បំបាក់​ក្រុម​ភ្ញៀវ Fenerbahce របស់​តួក​គី​ក្នុង Europa League យប់​មិញ​នេះ។

នេះជាការប្រកួតសន្សំពិន្ទុលើកទី៣របស់គេ ក្រៅពីឈ្នះ២ដង មិនដែលស្មើ និងចាញ់១ដង ស្របពេលដែលម្ចាស់ផ្ទះ Feyenoord របស់​ហូឡង់​ក៏​បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ Zorya ១-០ យប់​មិញ​នេះ​ដែរ​មាន​៦​ពិន្ទុ​ដូច​គ្នា ឈរ​នៅ​លេខ​រៀង​ទី​២​បណ្តោះ​អាសន្ន​។

កីឡាករចំណូលថ្មី Paul Pogba ដែលត្រូវបាន Man Utd ទើបតែទិញពីក្លឹប Juventus ក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ នេះ ជា​អ្នក​ស៊ុត​គ្រាប់​នាំ​មុខ​ឲ្យ​បិសាច​ក្រហម ដោយ​បាល់​ពិន័យ​១១​ម៉ែត្រនៅនាទីទី៣១ មុនពេលរកបានគ្រាប់​ទី​២​របស់​គេ​នៅ​នា​ទី​ទី​៤៥ និង Anthony Martial ប៉េណាល់ទី​១​គ្រាប់​ដែរ​នៅ​នាទី​ទី​៣៤ មុនពេលចាប់ផ្តើមវគ្គទី២ បាន៣នាទី Jesse Lingard បន្ថែមគ្រាប់ទី៤ទៀតក្នុងទឹកដី Old Trafford។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ អតីតកីឡាករ Man Utd ចាស់ Robin van Persie ក៏បានស៊ុត១គ្រាប់ឲ្យ Fenerbahce មុនត្រឡប់ទៅផ្ទះវិញដែរ​នៅ​នា​ទី​ទី​៨៣ នៅ​ពី​មុខ​អ្នក​ទស្សនា​ផ្ទាល់​ប្រមាណ ៧១០០០នាក់ ខណៈដែលក្រុមខ្លួនទើប រក​បាន​៣​ពិន្ទុ​នៅ​ឡើយ ឈរ​លេខ​៣ បណ្តោះអាសន្ន៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Man Utd