CamNews

សុខភាព 

គុណប្រយោជន៍សុខភាពអស្ចារ្យ ៣ យ៉ាងនៃផ្លែស្រកានាគ

នៅពេលនិយាយដល់ផ្លែឈើបែបជាឱសថ ផ្លែស្រាកានាគគឺស្ថិតនៅក្នុងបញ្ជីរផ្លែឈើ ដែលមានគុណប្រយោជន៍ច្រើនដល់សុខភាព។ វាជាអាហារដ៏ប្រសើរមួយប្រភេទ ដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីដកម្មកម្រិតខ្ពស់។ ម្យ៉ាងទៀតវាសម្បូរទៅដោយវីតាមីនC ព្រមជាមួយនឹងអាស៊ីដខ្លាញ់ និងផូស្វ័រ ដែលធ្វើឱ្យផ្លែឈើនេះល្អប្រសើរចំពោះសុខភាពតាំងពីធម្មជាតិ។ ខាងក្រោមនេះយើងសូមណែនាំ គុណប្រយោជន៍ដ៏អស្ចារ្យមួយចំនួន នៃផ្លែស្រកានាគ៖

១. ជំនួយដល់ការរំលាយអាហារ៖ ផ្លែស្រកានាគទ្រទ្រង់នូវការរំលាយអាហារ ដោយសារបរិមាណជាតិសរសៃខ្ពស់របស់វា។ ជាតិសរសៃងាយរលាយរបស់វា ផ្ដល់ម៉ាស់ដល់លាមក និងគ្រប់គ្រងចលនាពោះវៀនធំ។ ប្រសិទ្ធភាពនេះ ជួយបង្ការបញ្ហាក្រពះពោះវៀនមួយចំនួនដូចជា អាការៈទល់លាមក រាគរុស និងជំងឺរលាកពោះវៀនធំ។ លើសពីនេះទៀត វាជួយលើកកម្ពស់ការរីកលូតលាស់ប្រូបាយអូទីក ដែលជំនួយដល់ការរំលាយអាហារ ព្រមទាំងបណ្ដេញជាតិពុលពីរាងកាយផងដែរ។ ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១៤ ចុះផ្សាយនៅក្នុងទស្សនាវដ្ដីឱសថសាស្រ្ដ និងឱសថកម្មសាស្រ្ដអន្ដរជាតិបានរកឃើញថា ស្រកានាគក្រហម និងសនេះ គឺជាប្រភពដ៏ប្រសើរ នៃប្រូបាយអូទិក។ លើសពីនេះទៀត​ វីតាមីនB របស់វាគឺល្អប្រសើរ សម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នក។ ផ្លែឈើនេះគឺងាយស្រួលក្នុងការរំលាយ។ អ្នកអាចពិសាសាច់វា ឬពិសាទឹកស្រកានាគមួយកែវ ដើម្បីជំនួយដល់ការរំលាយអាហារ។

២. ទ្រទ្រង់ដល់សុខភាពបេះដូង និងសរសៃឈាម៖  ផ្លែស្រកានាគជំនួយដល់ការរក្សាជាលិកានៅក្នុងបេះដូង ព្រមទាំងជាលិកាជុំវិញបេះដូងឱ្យមានសុខភាពល្អ  ដែលមានសារៈសំខាន់សម្រាប់សុខភាពបេះដូង និងសរសៃឈាម។ ប្រភេទខ្លាញ់ monounsaturated នៅក្នុងស្រកានាគ ជួយរក្សាបេះដូងរបស់អ្នកឱ្យស្ថិតនៅក្នុងកម្រិតដ៏ប្រសើរមួយ ដោយការកាត់បន្ថយកម្រិតកូឡេស្ដេរ៉ូលមិនល្អ និងជួយបង្កើនកម្រិតកូឡេស្ដេរ៉ូលល្អ។ លើសពីនេះទៀត វាជួយកាត់បន្ថយអុកស៊ីដកម្ម ដែលនាំឱ្យស្រ្ដេស ដែលជាមូលហេតុនាំមុខគេនៃការកើតជំងឺបេះដូង និងសរសៃឈាម។ ដោយការដាក់បន្ថែមផ្លែស្រកានាគទៅក្នុងរបបអាហាររបស់អ្នក អ្នកប្រាកដជាអាចកាត់បន្ថយដំណើរនៃការរងវិបត្ដិពីការកកសារធាតុខ្លាញ់នៅលើបំពង់អាទែ ជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

៣. គ្រប់គ្រងជាតិស្ករនៅក្នុងឈាម៖ បរិមាណជាតិសរសៃ Fiber នៅក្នុងផ្លែស្រកានាគមាននាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមឱ្យមានស្ថេរភាព។ ជាក់ស្ដែង វាមានប្រសិទ្ធភាពបង្ការការឡើងជាតិស្ករនៅក្នុងខ្លួនអ្នកជំងឺទឹកនោមផ្អែម ដែលការឡើងជាតិស្ករនេះតែងកើតឡើងក្រោយពីពិសា អាហារផ្ទុកសន្ទស្សន៍ Glycemic ខ្ពស់។ ផ្លែឈើនេះជួយបង្ការភាពស្មុគស្មាញសុខភាព ដែលតែងតែកើតមានចំពោះអ្នកជំងឺទឹកផ្អែម។ វាមានប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់ នៃបញ្ហាបេះដូង និងសរសៃឈាមក្នុងចំណោមមនុស្ស ដែលរងវិបត្ដិពីជំងឺទឹកនោមផ្អែមប្រភេទទី២។

ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១០ ចុះផ្សាយនៅក្នុងទស្សនាវដ្ដីស្រាវជ្រាវ Pharmacognosy បានបង្ហាញថា ឱសថចម្រាញ់ពីផ្លែស្រកានាគមានប្រសិទ្ធភាពគ្រប់គ្រងការបំផ្លាញពីសារធាតុអុកស៊ីដកម្ម និងបន្ថយការតឹងសរសៃឈាមនៅក្នុងខ្លួនសត្វកណ្ដុរ ដែលកើតជំងឺទឹកនោមផ្អែម។ អ្នកជំងឺទឹកនោមផ្អែមក៏អាចទទួលប្រយោជន៍ពីការដាក់បញ្ចូលផ្លែស្រកានាគទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគាត់ដែរ។ ប៉ុន្ដែ គ្រាន់តែគាត់ត្រូវអនុវត្ដទម្លាប់ពិសាក្នុងកម្រិតសមល្មម៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ top10homeremedies


Tags: Health news