យល់ដឹង ៖ “វាជារឿងដ៏រំភើបរីករាយ ផ្អែមល្ហែមយ៉ាងពិសេស ដែលស្រ្ដីមានសមត្ថភាពបង្កើតនូវពន្លកជីវិតក្នុងផ្ទៃរបស់ខ្លួន” នេះគឺជាទស្សនាទានដ៏ល្អរបស់លោកស្រី Pamela S. Nadav ដែលបំព្រួញសេចក្ដីចំពោះពេលវេលាដ៏អស្ចារ្យនៅក្នុងជីវិតរបស់ស្រ្ដី នៅពេលនាងមានផ្ទៃពោះ។ ពេលវេលាមានផ្ទៃពោះ អាចជាពេលវេលាមួយ ដ៏ស្មុគស្មាញសម្រាប់ស្រ្ដី។ នៅក្នុងបណ្ដាញផ្សព្វផ្សាយស្ដីពីការអប់រំសុខភាព មាននូវអត្ថបទរាប់រយផ្ដល់ជាអនុសាសន៍ទាក់ទងនឹងការមានផ្ទៃពោះ ជាពិសេសផ្ដោតសំខាន់ទៅលើថា តើប្រភេទអាហារអ្វីខ្លះមានសុវត្ថិភាពដល់គភ៌ពេលស្រ្ដីទទួលទាន។ ការប្រែប្រួលអ័កម៉ូននៅក្នុងរាងកាយស្រ្ដីអំឡុងពេលមានផ្ទៃពោះបណ្ដាលឱ្យនាងឃ្លានអាហារខ្លាំងខុសពីធម្មតា។ ប៉ុន្ដែទោះជាយ៉ាងណា មុនពេលពិសាអាហារអ្វីមួយ អ្នកត្រូវគិតអំពីសុវត្ថិភាព នៃទារកក្នុងផ្ទៃដែលមិនទាន់កើត។ អ្នកគួរធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតឱ្យបានញឹកញាប់អំពីរបបអាហារល្អចំពោះសុខភាព អំឡុងពេលមានផ្ទៃពោះ និងយល់ដឹងថាតើអាហារប្រភេទណាខ្លះ ដែលអ្នកគួរចៀសវាងទទួលទាន។ ខាងក្រោមនេះគឺជាប្រភេទអាហារមួយចំនួន ដែលស្រ្ដីគ្រប់រូបគួរចៀសវាងអំឡុងពេលមានផ្ទៃពោះ៖
១. ស៊ុតឆៅ និងស៊ុតចម្អិនមិនទាន់ឆ្អិនល្អ៖ ប្រសិនបើអ្នកមានទម្លាប់ដាក់ស៊ុតឆៅទៅក្នុងទឹកក្រឡុកសម្រាប់ពិសាពេលព្រឹក ដើម្បីឱ្យភេសជ្ជៈនេះកាន់តែមានប្រូតេអ៊ីន សូមបញ្ឈប់ការលាយស៊ុតឆៅនេះអំឡុងពេលមានផ្ទៃពោះ។ ស្រ្ដីមានផ្ទៃពោះគ្រប់រូបត្រូវតែចៀសវាងការពិសាស៊ុតឆៅ ឬស៊ុត ដែលចម្អិនមិនទាន់ឆ្អិនល្អ។ ពីព្រោះវាអាចឱ្យប្រឈមខ្ពស់ចំពោះការឆ្លងបាក់តេរី Salmonella ដែលអាចបណ្ដាលក្អួត រាគរុស។ សភាពនេះច្រាសត្រឡប់ទៅប៉ះពាល់ដល់សុខភាពរបស់ទារក។ ស៊ុតគឺជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ ដូច្នេះប្រសិនបើអ្នកចង់ពិសាស៊ុតអំឡុងពេលមានផ្ទៃពោះ ត្រូវឱ្យប្រាកដថា ស៊ុតនោះចម្អិនបានឆ្អិនល្អ។ សូមចម្អិនស៊ុត រហូតចំណែកក្រហម និងសរឹងហាប់ល្អ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ នៃការពុលបាក់តេរី ប្រភេទ Salmonella។ ម្យ៉ាងទៀត សូមសម្អាតដៃរបស់អ្នកក្រោយពេលកាន់ស៊ុត ពីព្រោះបាក់តេរី Salmonella តែងស្ថិតនៅលើសំបកស៊ុត។ លើសពីនេះទៀត សូមចៀសវាងការពិសាអាហារ ដែលធ្វើឡើងជាមួយនឹងស៊ុតឆៅ ឬស៊ុតចម្អិនមិនទាន់ឆ្អិនល្អ។
២. គ្រឿងស្រវឹង៖ ស្រ្ដីមានផ្ទៃពោះគួរតមការពិសាគ្រឿងស្រវឹង ពីព្រោះវាមានឥទ្ធិពលអាក្រក់ទៅលើការមានផ្ទៃពោះ។ គ្រឿងស្រវឹងអាចបង្កើនហានិភ័យនៃការកើតជំងឺ Fetal alcohol syndrome វិបត្ដិនៃការលូតលាស់ និងរលូតកូន។ នៅអំឡុងពេល១ត្រីមាសដំបូង គ្រឿងស្រវឹងបង្កើនគ្រោះថ្នាក់ នៃការរលូតកូន ខណៈពេលនៅត្រីមាសទី ២ និងត្រីមាសចុងក្រោយវាបង្កគ្រោះថ្នាក់ក្រៃលែងដល់ទារកក្នុងផ្ទៃ។ មិនថាអ្នកពិសាក្នុងបរិមាណប៉ុណ្ណានោះទេ គ្រឿងស្រវឹងនៅតែមិនមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ។ ទោះជានៅពេលអ្នកបំដោះកូនក៏ដោយ អ្នកគួរតែចៀសវាងការទទួលទានគ្រឿងស្រវឹង។
៣. កាហ្វេ៖ សូមកំណត់បរិមាណកាហ្វេ ដែលអ្នកទទួលទានអំឡុងពេលមានផ្ទៃពោះ។ កម្រិតជាតិកាហ្វេអ៊ីនខ្ពស់របស់វា ដើរតួជាវត្ថុភ្ញោច ដែលអាចប៉ះពាល់ដល់ចង្វាក់បេះដូងទារក។ ម្យ៉ាងទៀតជាតិកាហ្វេអ៊ីន ក៏បង្កើនគ្រោះថ្នាក់នៃការរលូតកូន និងទារកទម្ងន់ស្រាលផងដែរ។ លើសពីនេះទៀត ជាតិកាហ្វេអ៊ីនច្រើនលើសកំណត់អាចបណ្ដាលឱ្យខ្សោះជាតិទឹក។ សូមចៀសវាងជាតិកាហ្វេអ៊ីននៅអំឡុងត្រីមាសដំបូង ដើម្បីកាត់បន្ថយនូវការកើតមានការរលូតកូន។ ការពិសាកាហ្វេក្នុងកម្រិតសមល្មម គឺត្រូវបានអនុញ្ញាតចំពោះស្រ្ដី ក្រោយពេលឆ្លងផុតត្រីមាសទី១។ ម្យ៉ាងទៀត សូមចៀសវាងប្រភេទភេសជ្ជៈដទៃទៀត ដែលជាប្រភព នៃជាតិកាហ្វេអ៊ីន តែរុក្ខជាតិ តែបៃតង ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈគ្មានជាតិអាកុលមួយចំនួន និងស្ករសូកូឡាពណ៌ខ្មៅ។ ស្រ្ដីមានផ្ទៃពោះមិនគួរពិសាជាតិកាហ្វេអ៊ីនឱ្យលើស ២០០មីលីក្រាមនោះទេក្នុងមួយថ្ងៃ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ onlymyhealth