(អូស្ត្រាលី)៖ នារីវ័យក្មេងម្នាក់ឈ្មោះ Leah Zurek រស់នៅរដ្ឋ Victoria ប្រទេសអូស្ត្រាលី បាននិយាយថា នាងពិតជាភ្ញាក់ផ្អើលណាស់ ដែលរកឃើញគ្រឿងតុបតែងខ្លួន នៅក្នុងបន្ទប់ដេករបស់មិត្តប្រុស ហើយដំបូងនាងស្មានថា គេកំពុងបោកប្រាស់ ប៉ុន្តែការពិតនោះ នាងមិននឹកស្មានថា បុរសជាគូស្នេហ៍ គឺជាស្រីឡើយ។
Leah Zurek យល់ព្រមទទួលខ្លួន នៅថែរក្សាផ្ទះសម្បែង ឲ្យមិត្តប្រុសឈ្មោះ Jared ដោយជួយចិញ្ចឹមឆ្កែរបស់គេទៀតផង ពេលដែល Jared មិននៅផ្ទះ ហើយចៃដន្យ អីពេលកំពុងសំអាតផ្ទះ Zurek ក៏ប្រទះឃើញគ្រឿងតុបតែងមុខ របស់មនុស្សស្រី នៅក្នុងបន្ទប់ដេករបស់គេ ទើប Zurek នឹកថា ប្រហែលជា Jared មានស្រីណា យកមករស់នៅជាមួយ ហើយគេកំពុងបោកប្រាស់នាង។ ថ្ងៃមួយ Zurek ក៏បានជួបមិត្តជិតស្និទ្ធរបស់គូស្នេហ៍ ហើយនាងក៏សួរនាំពីរឿងនេះ ទើបដឹងការពិតថា Jared មិនបានបោកប្រាស់នាងទេ តែអ្វីដែលស្មានមិនដល់នោះតាមពិតគឺគេជាមនុស្សស្រី។
ក្រោយមក Jared ក៏ត្រឡប់មកផ្ទះវិញ ក៏មានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ពេលដែលដឹងថា គូស្នេហ៍បានដឹងការពិត ព្រោះតែគេមិនចង់បាត់បង់នាងឡើយ ប៉ុន្តែយ៉ាងណាក៏ Jared សារភាពប្រាប់ Zurek ថា គេជាមនុស្សរស់នៅឆ្លងភេទ រីឯនារីជាគូស្នេហ៍ ក៏មិនបានខឹងសម្បារដែរ គឺមានតែជួយ Jared ទៅតាមធម្មជាតិរបស់គេ។ Jared បានប្តូរឈ្មោះទៅជា Jasmine វិញ ហើយពួកគេក៏បន្តរស់នៅជាមួយគ្នា យ៉ាងរីករាយដោយ Zurek និយាយថា យ៉ាងណានាងសប្បាយចិត្ត ដែលគូស្នេហ៍មិនបោកប្រាស់នាង ទៅស្រលាញ់ស្រីផ្សេង ទោះបីជាដឹងថា ធាតុពិតគេជាមនុស្សស្រីក៏ដោយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី