ដោយសារមានការកើនឡើង ការអនុម័តច្បាប់ផ្ដល់នីត្យានុកូលភាពចំពោះការប្រើប្រាស់កញ្ឆា ការសិក្សាស្រាវជ្រាវកាន់តែច្រើនឡើង កំពុងព្យាយាមលាតត្រដាងពីគ្រោះថ្នាក់ និងគុណប្រយោជន៍ដ៏មានសក្ដានុពលរបស់ឱសថ។ ទោះយ៉ាងណា ការសិក្សាថ្មីមួយ បង្ហាញថា នៅពេលពោលដល់សុខភាពខួរក្បាល គ្រឿងស្រវឹង បង្កគ្រោះថ្នាក់ក្រៃលែងជាងកញ្ឆាទៅទៀត ។
ក្រុមអ្នកវិទ្យាសាស្រ្ដ នៅសាកលវិទ្យាល័យ Colorado Boulder បានបើកការត្រួតពិនិត្យឡើងវិញ ទៅលើទិន្នន័យជាក់ស្ដែង ដែលមានស្រាប់ ហើយបានពិនិត្យពិច័យទៅលើផលប៉ះពាល់នៃគ្រឿងស្រវឹង កញ្ឆា និងសារធាតុ Cannabi ចំពោះខួរក្បាយ។
លទ្ធផលនៃការត្រួតពិនិតរបស់ពួកគេ បានផ្សាភ្ជាប់ការទទួលទានគ្រឿងស្រវឹងទៅនឹងការប្រែប្រួលរយៈពេលវែងចំពោះរចនាសម្ព័ន្ធនៃសារធាតុស និងប្រផេះ ក្នុងខួរក្បាល។
ទោះយ៉ាងណា ការប្រើកញ្ឆា ហាក់ដូចជា គ្មានបង្កការប៉ះពាល់យូរអង្វែងណាមួយចំពោះរចនាសម្ព័ន្ធខួរក្បាលនោះទេ។
អ្នកដឹកនាំការសិក្សាស្រាវជ្រាវ លោក Rachek Thayer មកពីមហាវិទ្យាល័យចិត្ដវិទ្យា និងវិទ្យាសាស្រ្ដសរសៃប្រសាតនៃសាកលវិទ្យាល័យ Colorado Boulder និងសហការី បានរាយការណ៍លទ្ធផលស្រាវជ្រាវរបស់ពួកគេនេះ នៅក្នុងកាសែត Addiction។
ការសិក្សាស្រាវជ្រាវបានប៉ាន់ប្រមាណថា ពលរដ្ឋប្រហែល ២២,២ លាននាក់ នៅសហរដ្ឋអាមេរិក បានសេពកញ្ឆាកាលពីខែមុន ដែលញ៉ាំងឱ្យរុក្ខជាតិនេះ ក្លាយជាថ្នាំ ដែលត្រូវបានប្រើប្រាស់ខុសច្បាប់យ៉ាងសាមញ្ញបំផុត នៅក្នុងប្រទេសនេះ។
ទោះជាយ៉ាងណា នៅទូទាំងអាមេរិក សភាបានអនុម័យច្បាប់ផ្ដល់នីត្យានុកូលភាព ដល់ការប្រើប្រាស់កញ្ឆាសម្រាប់ទាំងគោលបំណងវេជ្ជសាស្រ្ដ និងការកម្សាន្ដអារម្មណ៍។ ដោយលទ្ធផលនៃការផ្លាស់ប្ដូរនីតិកម្មនេះ ក្រុមអ្នកស្រាវជ្រាវបានព្យាយាមស្វែងរកបន្ថែមទៀតអំពីគុណប្រយោជន៍សុខភាព ដែលកញ្ឆាអាចផ្ដល់ឱ្យ ព្រមទាំងរកឱ្យឃើញពីគ្រោះថ្នាក់ ដែលរុក្ខជាតិនេះ អាចបង្ក។
ជាតួយ៉ាង កាលពីឆ្នាំមុន សារព័ត៌មាន Medical News Today បានរាយការណ៍អំពីការសិក្សា ដែលផ្សាភ្ជាប់ការប្រើប្រាស់កញ្ឆាទៅនឹងគ្រោះថ្នាក់ដ៏ក្រៃលែងនៃការកើតជំងឺផ្លូវចិត្ដចំពោះក្មេងជំទង់ ខណៈដែលការសិក្សាមួយផ្សេងទៀតអះអាងថា កញ្ឆានេះ ផ្ដល់ផលអាក្រក់ជាងបារីទៅទៀតសម្រាប់សុខភាពបេះដូង និងសរសៃឈាម។
ការសិក្សាស្រាវជ្រាវមួយផ្សេងទៀត ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា សារធាតុ Cannabinoids ដែលជាសមាសធាតុសកម្ម នៅក្នុងកញ្ឆា អាចបង្ការជំងឺប្រកាំង ហើយការសិក្សាស្រាវជ្រាវថ្មីមួយទៀត បានផ្សារភ្ជាប់ការប្រើប្រាស់កញ្ឆាទៅនឹង ការកើនឡើងតម្រេកផ្លូវភេទ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ medicalnewstoday